
ជំពូកបន្ទាប់
ដោយCindy Hesskasper
August 25, 2015
ពេលដែលលោកស្ទីវមានអាយុជិត៥ឆ្នាំ ឪពុករបស់គាត់ គឺលោកនេត សេន(Nate Saint) ដែលជាបេសកជន និងជាអ្នកបើកយន្តហោះ និងបុរសបួននាក់ទៀត ត្រូវកុលសម្ព័ន្ធវ៉ាអូដានី(Waodani)សម្លាប់ ក្នុងប្រទេសអេក្វាឌ័រ ក្នុងឆ្នាំ១៩៥០។ ប៉ុន្តែ ដោយសារសេចក្តីស្រឡាញ់ និងការអត់ទោសរបស់ក្រុមគ្រួសាររបស់បុរសទាំងបួននាក់ ដែលបានបាត់បង់ជីវិតដោយសារសេចក្តីជំនឿនោះ សព្វថ្ងៃនេះ សហគមន៍នៃអ្នកជឿព្រះ ក្នុងចំណោមកុលសម្ព័ន្ធវ៉ាអូដានី កំពុងតែមានការលូតលាស់។ ពេលលោកស្ទីវធំដឹងក្តី គាត់ក៏បានវិលត្រឡប់មករស់នៅ ក្នុងប្រទេសអេក្វាឌ័រវិញ ហើយក៏បានរាប់អានលោកមីនខាយេជាមិត្តភ័ក្រ ទោះបីជាបុរសម្នាក់នេះ ក៏ជាអ្នកសម្លាប់ឪពុកគាត់ក៏ដោយ។ លោកស្ទីវមានពាក្យស្លោកមួយឃ្លាគឺ : “ចូរឲ្យព្រះតាក់តែងរឿងនៃជីវិតរបស់អ្នក”។ ត្រង់ចំណុចនេះ គាត់មានប្រសាសន៍ថា “មានមនុស្សជាច្រើន … ចង់តាត់តែងរឿងនៃជីវិតរបស់ខ្លួន ហើយអនុញ្ញាតឲ្យព្រះជួយកែសម្រួលសាច់រឿង ពេលដែលមិនមានផលល្អ។ តែចំណែកឯខ្ញុំវិញ ខ្ញុំបានសម្រេចចិត្ត ឲ្យព្រះអង្គធ្វើជាអ្នកតាក់តែងរឿងនៃជីវិតរបស់ខ្ញុំ តាំងពីយូរមកហើយ”។ ពេលដែលលោកស្ទីវរបួសធ្ងន់ ក្នុងឆ្នាំ២០១២ គាត់បានលើកទឹកចិត្តគ្រួសាររបស់គាត់ម្តងទៀតថា “ចូរយើងអនុញ្ញាតឲ្យព្រះតាក់តែងសាច់រឿង ក្នុងជំពូកមួយនេះ ផងដែរ”។ ពេលនោះ សេចក្តីជំនឿរបស់គាត់ក៏បានបន្តដឹកនាំគាត់ឆ្ពោះទៅរកការជាសះស្បើយ។ ព្រះសព្វព្រះទ័យនឹងបន្តតាក់តែងរឿងនៃជីវិត របស់អស់អ្នកដែលដើរតាមព្រះយេស៊ូវ។ យើងមិនដឹងថា មានការអ្វីខ្លះនឹងកើតឡើង ក្នុងជំពូកបន្ទាប់ នៃជីវិតរបស់យើងទេ។ ប៉ុន្តែ ពេលដែលយើងមើលទៅព្រះយេស៊ូវ ហើយ “រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់” នោះយើងអាចទុកចិត្តព្រះអង្គ ដែលជាអ្នកផ្តើម និងបញ្ចប់រឿងនៃសេចក្តីជំនឿរបស់យើង(ហេព្រើ ១២:១-២)។ ព្រះយេស៊ូវជាអ្នកនិពន្ធជំពូកដំបូងនៃរឿងរបស់យើង ហើយព្រះអង្គនឹងនិពន្ធជំពូកដែលមានជាបន្តបន្ទាប់ទៀត ព្រមទាំងបញ្ចប់រឿងនៃជីវិតយើង ឲ្យបានល្អផងដែរ។—Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ត្រូវឲ្យយើង … រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង។—ហេព្រើ ១២:១-២