
ការប្រាថ្នាចង់បាន ចម្រើនធំឡើង
ដោយDavid C. McCasland
September 6, 2015
នៅឆ្នាំ២០១០ មានខ្សែភាពយន្តឯកសារមួយ មានចំណងជើងថា ទារក បានលាតត្រដាងដំណើររឿងរបស់ទារកបួននាក់ ដែលបានកើតមក ក្នុងកាលៈទេសៈខុសគ្នាយ៉ាងខ្លាំង ដូចជា នៅប្រទេស នេមីបៀ ម៉ុងហ្គោ-លី នៅទីក្រុងតូក្យូ និងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ ខ្សែភាពយន្តនេះឥតមានសម្លេងអត្ថាធិប្បាយ ឬការសន្ទនារបស់មនុស្សធំទេ គឺមានតែសម្លេងដែលទារកបន្លឺឡើង ខណៈដែលពួកគេចាប់ផ្ដើមស្វែងយល់ អំពីពិភពលោក ជាកន្លែងដែលគេបានចាប់កំណើតមក។ ពួកគេថ្ងូរ ហើយសើច នៅពេលពួកគេសប្បាយចិត្ត ហើយពួកគេយំនៅពេលពួកគេឈឺ ឬឃ្លាន។ ទារកទាំងអស់នោះ សុទ្ធតែចូលចិត្តទឹកដោះ! វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលយើងបានមើលពួកគេចម្រើនវ័យធំឡើង ក្នុងខ្សែភាពយន្តនេះពីដើមដល់ចប់។ យ៉ាងណាមិញ អ្នកដើរតាមព្រះគ្រីស្ទត្រូវសង្វាតចង់បាន “ទឹកដោះសុទ្ធនៃព្រះបន្ទូល” ដែលនាំឲ្យបានចម្រើនធំឡើងខាងព្រលឹងវិញ្ញាណ គឺមិនខុសពីការដែលទារកត្រូវការទឹកដោះ ដើម្បីលូតលាស់ធំឡើយ។ ត្រង់ចំណុចនេះ សាវ័កពេត្រុស មានប្រសាសន៍ថា “នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្រ្គោះ” (១ពេត្រុស ២:២)។ កាលនោះ លោកពេត្រុស បានសរសេរសំបុត្រនេះ ដើម្បីលើកទឹកចិត្តគ្រីស្ទបរិស័ទមួយក្រុម ដែលបានខ្ចាត់ខ្ចាយ ដោយសារតែការបៀតបៀន។ គាត់បានជំរុញឲ្យពួកគេលះបង់ចោលអស់ទាំងសេចក្ដីកំហឹង និងចិត្តច្រណែនគ្នា ព្រមទាំងសេចក្ដីពុតមាយាចេញ(ខ.១) ហើយគាត់បានប្រាប់ពួកគេថា “ត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធខាងឯព្រះបន្ទូល ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាចំរើនធំឡើង ដរាបដល់បានសង្រ្គោះ”(ខ.២)។ ព្រះអម្ចាស់បានត្រាសហៅយើង ឲ្យមកផឹកទឹកដោះសុទ្ធ តាមសេចក្តីត្រូវការរបស់យើង ពីការផ្គត់ផ្គង់ជាបរិបូររបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យនឹងឃើញកូនៗរបស់ព្រះអង្គ បានចម្រើនធំឡើង! —David McCasland
បទគម្ពីរប្រចាំថ្ងៃ
នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្រ្គោះ។—១ពេត្រុស ២:២