
ឳពុកដែលមានគំរូល្អ
ដោយJennifer Benson Schuldt
September 12, 2015
នៅពេលខ្ញុំគិតអំពីឳពុករបស់ខ្ញុំ ខ្ញុំគិតដល់ពាក្យមួយឃ្លា ដែលពោលថា “គាត់មិនបានប្រាប់ខ្ញុំ ថាត្រូវរស់នៅរបៀបណានោះទេ គឺគាត់បានរស់នៅជាគំរូ ឲ្យខ្ញុំមើលរបៀបដែលគាត់រស់នៅវិញ”។ ក្នុងអំឡុងពេលខ្ញុំធំពេញវ័យ ខ្ញុំបានសង្កេតមើលឳពុករបស់ខ្ញុំ ដើរជាមួយព្រះ។ គាត់បានចូលរួមក្នុងកម្មវិធីថ្វាយបង្គំ ពេលព្រឹកនៅព្រះវិហារ បានបង្រៀនព្រះគម្ពីរ ដល់មនុស្សពេញវ័យ បានជួយរាប់ប្រាក់ដង្វាយ ហើយបានបម្រើការជាចាស់ទុំម្នាក់។ នៅក្រៅព្រះវិហារ គាត់បាននិយាយការពារដំណឹងល្អ ដោយចិត្តស្មោះត្រង់ និងអានព្រះគម្ពីរ។ ខ្ញុំបានឃើញគាត់បង្ហាញក្តីស្រឡាញ់ដល់ព្រះអម្ចាស់ តាមរយៈការប្រព្រឹត្តរបស់គាត់។ ស្ដេចអេសា ជាស្ដេចយូដា ដែលបានធ្វើជាគំរូនៃការគោរពប្រតិបត្តិព្រះក្នុងការរស់នៅ(២របាក្សត្រ ១៤:២)។ ទ្រង់បានរំលំចោលអស់ទាំងរូបព្រះចេញពីនគររបស់ទ្រង់ ក៏បានស្អាងអាសនានៃព្រះអម្ចាស់ឡើងវិញ ហើយបានដឹកនាំរាស្រ្តរបស់ទ្រង់ ឲ្យតាំងសេចក្ដីសញ្ញាជាមួយព្រះ(១៥:៨-១២)។ បុត្រារបស់ទ្រង់ គឺស្តេចយ៉ូសាផាត បានបន្តកេរដំណែលនេះ ដោយស្វែងរក“ព្រះនៃពួកព្ធយុកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តរបស់ព្រះអង្គ”(១៧:៤)។ យ៉ូសាផាតបានបំបាត់អស់ទាំងការថ្វាយបង្គំរូបព្រះ ចេញពីទឹកដីរបស់ទ្រង់(ខ.៦) ហើយចាត់ពួកសង្ឃ និងពួកលេវីឲ្យទៅបង្រៀនក្រឹត្យវិន័យរបស់ព្រះ នៅគ្រប់អស់ទាំងទីក្រុងនៃស្រុកយូដា(ខ.៧-៩)។ ការដឹកនាំរបស់ស្តេចយ៉ូសាផាត មានលក្ខណៈមិនខុសពីការដឹកនាំរបស់បិតាទ្រង់ឡើយ ដោយទ្រង់បានយកគំរូតាមព្រះបិតាយ៉ាងស្មោះត្រង់ ក្នុងការគោរពប្រតិបត្តិព្រះ។ ប៉ុន្តែ ដែលសំខាន់លើសពីនេះទៅទៀតនោះ គឺស្ដេចយ៉ូសាផាតមាន “ចិត្តអរសប្បាយក្នុងអស់ទាំងផ្លូវនៃព្រះអម្ចាស់”(ខ.៦)។ ថ្ងៃនេះ បើសិនជាលោកអ្នកចង់បានឳពុកជាគំរូ នោះសូមនឹកចាំពីព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ហើយតាំងចិត្តអរសប្បាយក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គចុះ។—Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
[យ៉ូសាផាត] បានស្វែងរកតាមតែព្រះនៃពួកព្ធយុកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តទ្រង់វិញ។—២របាក្សត្រ ១៧:៤