
ការធ្វើជាស្មរបន្ទាល់
ដោយBill Crowder
October 9, 2015
កាលខ្ញុំនៅវ័យជំទង់ ខ្ញុំបានឃើញហេតុការណ៍ឡានបុកគ្នា ដោយផ្ទាល់ភ្នែក។ វាជាបទពិសោធន៍ដ៏រន្ធត់ចិត្ត ដែលរួមផ្សំនឹងការអ្វីដែលកើតឡើង បន្ទាប់ពីហេតុការណ៍នោះ។ ដោយសារខ្ញុំជាសាក្សីតែម្ចាក់គត់ ដែលបានឃើញហេតុការណ៍នោះ ខ្ញុំបានចំណាយពេលរៀបរាប់ប្រាប់មេធាវីទាំងឡាយ និងបុគ្គលិកក្រុមហ៊ុនធនារ៉ាប់រង អស់ពេលរាប់ខែ អំពីការអ្វីដែលខ្ញុំបានឃើញ នៅថ្ងៃនោះ។ គេមិនបានរំពឹងឲ្យខ្ញុំពន្យល់ អំពីហេតុការណ៍នៃការបុកគ្នានោះ តាមបែបរូបវិទ្យា ឬបកស្រាយជាលម្អិត តាមបែបវេជ្ជសាស្រ្ត អំពីគ្រោះថ្នាក់ដែលជនរងគ្រោះបានទទួលរងនោះដែរ។ គេគ្រាន់តែបានសុំឲ្យខ្ញុំប្រាប់ពួកគេ នូវការអ្វីដែលខ្ញុំបានឃើញ ក្នុងហេតុការណ៍នោះប៉ុណ្ណោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវបានត្រាសហៅ ឲ្យធ្វើជាសាក្សី ឬស្មរបន្ទាល់ នៃការអ្វីដែលព្រះយេស៊ូវបានធ្វើ ក្នុងជីវិតយើង និងសម្រាប់យើង។ ដើម្បីនាំមនុស្សឲ្យជឿព្រះយេស៊ូវ យើងមិនចាំបាច់ត្រូវមានសមត្ថភាពពន្យល់អំពីបញ្ហាទេវសាស្រ្តនីមួយៗ ឬឆ្លើយសំណួរទាំងអស់ ដែលគេអាចចោទសួរនោះក៏បាន។ ការអ្វីដែលយើងត្រូវធ្វើ គឺត្រូវពន្យល់ អំពីការអ្វីដែលយើងបានដកពិសោធ ក្នុងជីវិតយើង តាមរយៈឈើឆ្កាង និងការរស់ឡើងវិញ នៃព្រះសង្រ្គោះនៃយើង។ ហើយដែលកាន់តែល្អជាងនេះទៀតនោះ គឺយើងមិនចាំបាច់ត្រូវពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង ដើម្បីធ្វើបន្ទាល់ឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ កាលណាយើងពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ យើងអាចនាំលោកិយដែលកំពុងឈឺចាប់ ឲ្យងាកទៅរកព្រះយេស៊ូវ ដែលជាព្រះដ៏ប្រោសលោះ។ ហើយអាចពឹងផ្អែកលើជំនួយរបស់ព្រះអង្គ ដើម្បីធ្វើបន្ទាល់ អំពីព្រះវត្តមាននៃព្រះអង្គ ក្នុងជីវិតយើង ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ។—Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ។—កិច្ចការ ១:៨