
ព្រះនៅក្នុងខ្យល់ព្យុះ
ដោយJennifer Benson Schuldt
October 26, 2015
កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។ ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។ បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។ ដោយសារព្រះទ្រង់ខ្លាំង នោះព្រះអង្គអាចជួយយើង ពេលយើងមានភាពកម្សោយ។—Jennifer Benson Schultd
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត។—យ៉ូប ៣៧:២៣