
មានពេលសម្រាប់គ្រប់ការទាំងអស់
ដោយJennifer Benson Schuldt
November 6, 2015
ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រុមចម្រៀងរ៉ក់បែបប្រពៃណី ដែលមានឈ្មោះថា “ដឹ បាយអឺដស៍”(The Byrds) បានចេញបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “ចូរងាកមក! ងាកមក! ងាកមក!”។ បទចម្រៀងនេះពិតជាល្បីល្បាញណាស់ បានជាគេឲ្យចំណាត់ថ្នាក់លេខមួយ ក្នុងបញ្ជីបទចម្រៀងទាំង១០០បទ ដែលល្បីជាងគេ នៅសម័យនោះ ក្នុងសារពត័មានតន្រ្តីប៊ីលប៊ត(Billboard) ហើយថែមទាំងទទួលបាននូវប្រជាប្រិយភាព ទូទាំងពិភពលោកផងដែរ។ បទចម្រៀងនេះ មានទំនុកដែលបានធ្វើឲ្យអ្នកស្តាប់ទាំងឡាយ មានការជក់ចិត្តឌិតអារម្មណ៍ណាស់។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទំនុកនៃបទចម្រៀងនេះ ត្រូវបានដកស្រង់ចេញពីកណ្ឌសាស្តា នៃព្រះគម្ពីរសញ្ញាចាស់ ដែលក្នុងនោះអ្នកនិពន្ធបានថ្លែងថា “មានពេលសំរាប់គ្រប់ទាំងអស់ គឺមានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ”(៣:១)។ បន្ទាប់មក អ្នកនិពន្ធបានរៀបរាប់ អំពីរដូវកាលមួយចំនួន ដែលមនុស្សពើបប្រទះក្នុងជីវិត ដែលមានដូចជា ការកើត និងការស្លាប់ ការរកបាន និងការបាត់បង់ ទឹកភ្នែក និងសំណើច ការសោកសង្រេង និងការលោតរាំ។ រដូវកាលក្នុងជីវិតរបស់យើងក៏មានការប្រែប្រួលពីមួយពេលទៅមួយពេល ដូចរដូវកាល ក្នុងធម្មជាតិផងដែរ។ ស្ថានភាពរបស់យើង មិនស្ថិតនៅដដែលជារៀងរហូតទេ។ ជួនកាល យើងទទួលស្វាគមន៍ការប្រែប្រួលក្នុងជីវិតរបស់យើង។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែពិបាកស្វាគមន៍ការប្រែប្រួល ជាពិសេស នៅពេលដែលការប្រែប្រួលនោះ មានទុក្ខព្រួយ និងការបាត់បង់។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែអាចអរព្រះគុណព្រះ ដែលព្រះអង្គមិនចេះប្រែប្រួល។ គឺដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈហោរាម៉ាឡាគីថា “អញ គឺយេហូវ៉ា អញមិនប្រែប្រួលឡើយ”(ម៉ាឡាគី ៣:៦)។ ដោយសារព្រះនៅតែដដែល នោះយើងអាចពឹងផ្អែកលើព្រះអង្គ នៅពេលដែលរដូវកាលនៃជីវិតមានការផ្លាស់ប្តូរ។ ព្រះវត្តមានរបស់ព្រះអង្គ តែងតែនៅជាមួយយើងជានិច្ច(ទំនុកដំកើង ៤៦:១) សន្តិភាពរបស់ព្រះអង្គ មានអំណាចការពារចិត្តរបស់យើង(ភីលីព ៤:៧) ហើយសេចក្តីស្រឡាញ់របស់ព្រះអង្គ នាំឲ្យវិញ្ញាណយើងមានសេចក្តីសុខ(រ៉ូម ៨:៣៩)។—Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
មានពេលសំរាប់គ្រប់ទាំងអស់។—សាស្តា ៣:១