
ការនឹកចាំអំពីព្រះបន្ទូលរបស់ព្រះវរបិតា
ដោយMarvin Williams
November 10, 2015
ពេលដែលលោកជីម ដាវីឌសិន(Jim Davidson) ឡើងភ្នំរេនា គាត់បានឆ្លងស្ពានដែលកើតឡើងពីព្រឹលគរលើគ្នា ហើយស្ពាននោះក៏បាក់ស្រុត ធ្វើឲ្យគាត់ធ្លាក់ចូលក្នុងប្រលោះផ្ទាំងទឹកកកដ៏ជ្រៅ។ លោកជីមបានឈរទាំងមានឈាម និងស្នាមជាំ ក្នុងរូងទឹកកកដ៏ងងឹត ហើយពេលនោះ គាត់ក៏នឹកចាំថា កាលពីក្មេង ឪពុកគាត់បានរំឭកគាត់ជាច្រើនដងថា គាត់អាចសម្រេចការធំបាន បើសិនជាគាត់ក្រាញ់ននាលនឹងការលំបាក មិនព្រមរាថយ។ ពាក្យសម្តីនោះក៏បានជួយលើកទឹកចិត្តលោកជីម ខណៈពេលដែលគាត់ខំតោងឡើងតាមជញ្ជាំងទឹកកក ចេញពីល្អាងទឹកកកដ៏ងងឹតនោះ ទៅកាន់ទីសុវត្ថិភាព ដោយចំណាយពេលអស់៥ម៉ោង ដោយប្រើឧបករណ៍ដែលគាត់មានបន្តិចបន្តួច និងក្នុងស្ថានភាពដ៏ពិបាកក្រែលែង។ យ៉ាងណាមិញ មានពេលខ្លះអ្នកនិពន្ធទំនុកដំកើងក៏ធ្លាប់ឆ្លងកាត់ការពិបាក ដូចលោកជីមផងដែរ ពោលគឺគាត់ហាក់ដូចជាបានខំតោងឡើង ចេញពីរូងភ្នំនៃទុក្ខវេទនា និងការឈឺចាប់ ដោយរំឭកខ្លួនឯង អំពីព្រះបន្ទូលរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ គាត់បានទទួលស្គាល់ថា បើសិនជាព្រះ និងព្រះបន្ទូលរបស់ព្រះអង្គ មិនបានទ្រទ្រង់គាត់ ឲ្យមានក្តីអំណរទេ នោះគាត់មុខជាស្លាប់ ក្នុងទុក្ខវេទនានោះហើយ(ទំនុកដំកើង ១១៩:៩២)។ គាត់បានបង្ហាញនូវទំនុកចិត្តទាំងស្រុង ចំពោះព្រះបន្ទូលដ៏អស់កល្ប នៃព្រះអម្ចាស់(ខ.៨៩) និងទុកចិត្តលើភាពស្មោះត្រង់ នៃលក្ខណៈសម្បត្តិរបស់ព្រះអង្គ(ខ.៩០)។ ដោយសារតែភាពស្មោះត្រង់របស់ព្រះ អ្នកនិពន្ធទំនុកដំកើង បានប្តេជ្ញាចិត្តថា គាត់នឹងមិនបំភ្លេចព្រះបន្ទូល ដែលព្រះអង្គមានមកកាន់គាត់ទេ ព្រោះព្រះបន្ទូលព្រះអង្គ មានតួនាទីដ៏សំខាន់បំផុត នៅក្នុងការជួយរំដោះជីវិតគាត់ និងនាំឲ្យគាត់មានកម្លាំងឡើងវិញ។ ពេលដែលយើងស្ថិតក្នុងរូងភ្នំដ៏ងងឹតបំផុត និងស្ថិតនៅក្នុងពេលដ៏វេទនា ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ អាចធ្វើឲ្យវិញ្ញាណរបស់យើងមានកម្លាំងឡើងវិញ កាលណាយើងរំឭកខ្លួនឯង អំពីព្រះបន្ទូលដែលលើកទឹកចិត្ត។—Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង។—ទំនុកដំកើង ១១៩:៩៣