
ឈ្មោះនោះ
ដោយDave Branon
November 20, 2015
មេគគី(Maggie) ចៅស្រីតូចរបស់ខ្ញុំ និងក្រុមគ្រួសាររបស់នាង បានធ្វើដំណើរត្រឡប់មកផ្ទះ ក្នុងរដ្ឋមីសូរីវិញ បន្ទាប់ពីធ្វើដំណើរកម្សាន្តជាមួយយើង ក្នុងក្រុងហ្គ្រែន រេភីត រដ្ឋមីឈីហ្គិន។ ម្តាយរបស់នាង បានប្រាប់យើងថា បន្ទាប់ពីមេគគីត្រឡប់មកផ្ទះវិញបានពីរបីថ្ងៃ នាងដើរជុំវិញផ្ទះ ហើយនិយាយយ៉ាងរីករាយថា “មីឈីហ្គិន! មីឈីហ្គិន!” មីឈីហ្គិន ជាឈ្មោះដែលមានអ្វីម្យ៉ាងដែលធ្វើឲ្យមេគគីចាប់អារម្មណ៍។ តើអាចមកពីឈ្មោះនេះពិរោះឬ? ឬអាចមកពីនាងធ្លាប់មានពេលដ៏សប្បាយរីករាយ កាលពីមុន ក្នុងរដ្ឋមីឈីហ្គិន? យើងពិបាកនឹងប្រាប់ ពីមូលហេតុដែលក្មេងស្រីអាយុ១ឆ្នាំនេះ ចូលចិត្តឈ្មោះមួយនេះ ប៉ុន្តែ ឈ្មោះ “មីឈីហ្គិន” ពិតជាមានឥទ្ធិពលមកលើនាងណាស់ បានជានាងនិយាយពីឈ្មោះមួយនេះមិនឈប់សោះ។ ការនេះបានធ្វើឲ្យខ្ញុំគិតអំពីឈ្មោះមួយទៀត ដែលជាព្រះនាមព្រះយេស៊ូវ “ជានាមប្រសើរលើសអស់ទាំងនាម”(ភីលីព ២:៩)។ បទចម្រៀងមួយបទ ដែលច្រៀងដោយលោកប៊ីល(Bill) និងអ្នកស្រី ក្លូរា ហ្គាយធ័រ(Gloria Gaither) បានរំឭកយើង អំពីមូលហេតុដែលយើងស្រឡាញ់ព្រះនាមរបស់ព្រះអង្គខ្លាំងយ៉ាងនេះ។ ព្រះអង្គជា “ព្រះអម្ចាស់” និងជា “ព្រះសង្រ្គោះ”។ ជាការពិតណាស់ ព្រះអម្ចាស់នៃយើងពិតជាមានព្រះនាមដែលមានអត្ថន័យជ្រាលជ្រៅបំផុត។ ពេលដែលយើងនិយាយអំពីព្រះនាមដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ទៅកាន់អ្នកដែលត្រូវការទទួលព្រះអង្គជាព្រះសង្រ្គោះ នោះយើងអាចរំឭកពួកគេ អំពីការដែលព្រះអង្គបានធ្វើសម្រាប់យើង។ ព្រះយេស៊ូវជាព្រះសង្រ្គោះរបស់យើង។ ព្រះអង្គបានប្រោសលោះយើង ដោយព្រះលោហិត ហើយយើងអាចថ្វាយជីវិតយើង អស់ពីចិត្តដាច់ដល់ព្រះអង្គ។ ចូរឲ្យអស់អ្នកនៅស្ថានសួគ៌ និងនៅលើផែនដី ក៏ដូចជាយើងរាល់គ្នា ប្រកាសព្រះនាមដ៏រុងរឿងរបស់ព្រះអង្គឡើង គឺព្រះនាម ព្រះយេស៊ូវ! –Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង។—ភីលីព ២:៩