
ព្រះកំពុងរង់ចាំ
ដោយJulie Ackerman Link
December 1, 2015
ក្នុងអំឡុងពេលរដូវកាលបុណ្យណូអែល នៅសហរដ្ឋអាមេរិក មានការជាច្រើន ដែលយើងត្រូវរង់ចាំ។ យើងរង់ចាំធ្វើដំណើរបន្តទៀត ក្នុងពេលកំពុងកកស្ទះចរាចរណ៍។ យើងឈរតម្រង់ជួររង់ចាំទិញអំណោយ សម្រាប់ញាតិមិត្ត។ យើងរង់ចាំក្រុមគ្រួសារយើងមកជុំគ្នា។ យើងរង់ចាំពេលដែលយើងអង្គុយជុំគ្នា ជុំវិញតុដែលមានអាហារដែលយើងចូលចិត្តញាំ។ យើងរង់ចាំបើកប្រអប់អំណោយ ដែលគេបានជ្រើសរើសឲ្យយើង ដោយសេចក្តីស្រឡាញ់។ ការរង់ចាំទាំងអស់នេះ អាចជាការរំឭកដល់គ្រីស្ទបរិស័ទ ទាំងឡាយថា បុណ្យណូអែល ជាពិធីបុណ្យនៃការរង់ចាំព្រះគ្រីស្ទយាងមកម្តងទៀត ដែលការរំឭកនេះសំខាន់ជាងការប្រារព្ធធ្វើពិធីតាមប្រពៃណីទៅទៀត។ យើងកំពុងរង់ចាំព្រះយេស៊ូវយាងមកម្តងទៀត គឺមិនខុសពីពួកអ៊ីស្រាអែលដែលបានរង់ចាំព្រះអង្គ នៅសម័យបុរាណឡើយ។ ទោះបីជាព្រះអង្គបានយាងមក ក្នុងនាមជាព្រះមែស៊ីដែលគេបានរង់ចាំតាំងពីយូរណាស់មកហើយក៏ដោយ ក៏ព្រះអង្គមិនទាន់បានយាងមកដល់ ក្នុងនាមជាអ្នកគ្រប់គ្រងផែនដីទាំងមូលនៅឡើយទេ។ ដូចនេះ សព្វថ្ងៃ យើងរង់ចាំការយាងមកម្តងទៀត នៃព្រះគ្រីស្ទ។ ពិធីបុណ្យណូអែលរំឭកយើងថា ព្រះទ្រង់ក៏រង់ចាំផងដែរ គឺរង់ចាំពេលដែលរាស្រ្តរបស់ព្រះអង្គ មើលឃើញសិរីល្អរបស់ព្រះអង្គ រង់ចាំពេលដែលពួកគេទទួលស្គាល់ថា បើសិនជាគ្មានទ្រង់ទេ នោះពួកគេគ្រាន់តែជាមនុស្សបាត់បង់ប៉ុណ្ណោះ ហើយព្រះអង្គរង់ចាំពេលដែលពួកគេទទួលសេចក្តីស្រឡាញ់របស់ព្រះអង្គ ព្រមទាំងរង់ចាំពេលដែលព្រះអង្គយាងមកវិញ ក៏ដូចជារង់ចាំពេលដែលមនុស្សប្រែចិត្តចេញពីអំពើបាប។ យើងហាក់ដូចជាយល់ថា ព្រះទ្រង់ក្រយាងមកវិញ ជាជាងយល់ថា ព្រះអង្គកំពុងរង់ចាំយើង ដោយអត់ធ្មត់(២ពេត្រុស ៣:៩)។ ព្រះអម្ចាស់កំពុងរង់ចាំពេល ដែលព្រះអង្គនឹងមានទំនាក់ទំនង ជាមួយអ្នកដែលព្រះអង្គស្រឡាញ់។ ព្រះអង្គបានយាងមករកយើង ដោយប្រសូត្រជាព្រះឱរស ដែលមានព្រះនាមថា យេស៊ូវ ហើយបានធ្វើជាកូនចៀមសម្រាប់ថ្វាយជាដង្វាយលោះបាបមនុស្សគ្រប់គ្នា។ ពេលនេះ ព្រះអង្គរង់ចាំមនុស្សទទួលស្វាគមន៍ព្រះអង្គ ក្នុងជីវិតរបស់ខ្លួន ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។—Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ព្រះអម្ចាស់មិនផ្អាកសេចក្តីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នា វិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។—២ពេត្រុស ៣:៩