
កម្លាំងថ្មី
ដោយPhilip Yancey
December 13, 2015
ពេលដែលលោកម៉ាតេអូ រិកគី(Matteo Ricci) ធ្វើដំណើរទៅប្រទេសចិន កាលពីសតវត្សរ៍ទី១៦ គាត់បានយករូបគំនូរបស់គ្រីស្ទបរិស័ទ ជាគំរូសម្រាប់និទានរឿងក្នុងជំនឿគ្រីស្ទបរិស័ទ ទៅដល់អ្នកដែលមិនធ្លាប់បានស្តាប់ឮពីមុនមក។ ពេលដែលពួកគេឃើញរូបគំនូនាងម៉ារាពរព្រះឱរសយេស៊ូវ ពួកគេមានការចាប់អារម្មណ៍នឹងរូបនោះណាស់ ប៉ុន្តែ ពេលដែលគាត់គូរូបព្រះយេស៊ូវជាប់ឆ្កាង ហើយពន្យល់ប្រាប់គេថា ព្រះរាជបុត្រានៃព្រះបានយាងមក ដើម្បីសុគតនៅលើឈើឆ្កាង ពួកគេក៏បានឆ្លើយតប ដោយការស្អប់ខ្ពើម និងខឹងសម្បាជាខ្លាំង ព្រោះពួកគេមិនព្រមថ្វាយបង្គំព្រះដែលជាប់ឆ្កាងឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអារម្មណ៍ដែលខ្ញុំមាន ពេលដែលខ្ញុំយកកាតប៉ូស្តាល់បុណ្យណូអែល មកមើលម្តងមួយសន្លឹកៗ។ ពេលនោះខ្ញុំក៏បានដឹងថា យើងក៏មាន ចំណង់ចំណូលចិត្តមិនសូវខុសពីជនជាតិចិន នៅសម័យនោះប៉ុន្មានទេ។ ក្នុងការអបអរ និងប្រារព្ធធ្វើពិធីបុណ្យណូអែល យើងច្រើនតែគិតអំពីរឿងនៃការប្រសូត្ររបស់ព្រះយេស៊ូវនៅបេថ្លេហិមតែប៉ុណ្ណោះ ហើយប្រហែលជាមិនសូវគិតដល់ចុងបញ្ចប់នៃរឿងនេះ ដែលនិយាយអំពីការសុគតរបស់ព្រះយេស៊ូវនៅកាល់វ៉ារីឡើយ។ ក្នុងរឿងបុណ្យណូអែល ដែលបានចែងក្នុងកណ្ឌលូកា លោកស៊ីម្មាន ជាបុរសវ័យចំណាស់ម្នាក់ ដែលបានយល់អំពីអាថ៌កំបាំងនៃផែនការ ដែលព្រះបានរៀបចំទុកជាមុន សម្រាប់ព្រះយេស៊ូវ។ បានជាគាត់និយាយប្រាប់នាងម៉ារា ជាមាតាទ្រង់ថា “មើល បុត្រនេះបានតាំងឡើង សំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង។ ហើយគាត់បានថ្លែងទំនាយប្រាប់នាងម៉ារាទៀតថា នឹងមានដាវចាក់ទំលុះព្រលឹងនាង(២:៣៤-៣៥)។ លោកស៊ីម្មានដឹងថា សភាពការសង្គមមានការប្រែប្រួលតែបន្តិចបន្តួចទេ ព្រោះស្តេចហេរ៉ូដ នៅតែបន្តដឹកនាំស្រុកយូដា ហើយកងទ័ពរ៉ូម៉ាំងក៏នៅតែបន្តគ្រប់គ្រងសាសន៍អ៊ីស្រាអែលដដែល ប៉ុន្តែ គាត់បានពិនិត្យស៊ីជម្រៅឃើញថា អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរហើយ ព្រោះសេចក្តីប្រោសលោះដែលព្រះបានសន្យាប្រទាននោះ បានមកដល់ហើយ។—Philip Yancey
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខ បណ្តាជនទាំងឡាយ។ —លូកា ២:៣០-៣១