ព្រឹក

យប់ដ៏សុខសាន្ត
ដោយCindy Hesskasper
December 24, 2015
លោកសាយមិន(Simon) បានផ្លាស់ទីលំនៅ ពីប្រទេសហូឡង់ មកសហរដ្ឋអាមេរិក។ ភរិយារបស់គាត់ គឺអ្នកស្រីខេយ(Kay) និងកូនទាំងបីនាក់ កើតនៅសហរដ្ឋអាមេរិក។ តែក្រោយមក កូនទាំងបីនាក់បានរៀបការជាមួយអ្នកដែលមកពីប្រទេសខុសៗគ្នា ដូចជា ចេនី(Jenny)បានរៀបការជាមួយរ៉ូបឺតូ(Roberto) ដែលមកពីប្រទេសប៉ាណាម៉ា។ រីឯប៊ីល(Bill)វិញ គាត់បានរៀបការជាមួយវ៉ានៀ(Vania) មកពីប្រទេសប៉ទុយហ្កាល់។ ចំណែកឯលូកាស(Lucs)វិញ បានរៀបការជាមួយបូរា(Bora) មកពីប្រទេសកូរេខាងត្បូង។ ដូចនេះ ពេលដែលពួកគេជួបជុំគ្នានៅពេលល្ងាចថ្ងៃបុណ្យណូអែល ពួកគេបានច្រៀងបទ “យប់ដ៏សុខសាន្ត” ព្រមគ្នា ជាភាសាកំណើតរៀងៗខ្លួន បង្កើតបានជាសម្លេងច្រៀងដ៏ផ្អែមពិរោះ ដល់ព្រះកាណ៍ព្រះអម្ចាស់ ខណៈពេលដែលពួកគេអបអរថ្ងៃកំណើតរបស់ព្រះរាជបុត្រាព្រះអង្គ។ កាលពីជាងពីរពាន់ឆ្នាំមុន ពេលដែលពួកគង្វាល កំពុងមើលថែរហ្វូងចៀម ក្នុងយប់ដ៏ស្ងប់ស្ងាត់ ស្រាប់តែទេវតាមួយអង្គបានប្រកាស់ប្រាប់ពួកគេ អំពីការប្រសូត្ររបស់ព្រះយេស៊ូវថា “មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ បន្ទាប់មក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ ពោលសរសើរដល់ព្រះថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ ព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ជាព្រះសង្រ្គោះនៅលោកិយ បានប្រសូត្រនៅថ្ងៃនោះ។ ព្រះអង្គជាព្រះរាជបុត្រា ដែលទេវតាបានប្រកាស ក្នុងយប់ដ៏សុខសាន្ត កាលពីយូរលង់មកហើយ។ ព្រះអង្គជាអំណោយដែលព្រះប្រទាន ដោយព្រះគុណដ៏អស្ចារ្យ ដល់មនុស្សរាល់គ្នា ក្នុង “គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍”(ទីតុស ២:១១-១៤ វិវរណៈ ៥:៩-១០)។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។—Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា។—លូកា ២:១០
ល្ងាច

ផ្លែក្រូចនៃបុណ្យណូអែល
ដោយBill Crowder
December 24, 2015
ក្នុងសាធារណៈរដ្ឋឆេក និងក្នុងតំបន់ដទៃទៀត ពេលគេប្រារព្ធធ្វើពិធីបុណ្យណូអែល គេក៏បានរាប់បញ្ចូល ការតុបតែងផ្លែក្រូច ដ៏គួរឲ្យចាប់អារម្មណ៍។ ផ្លែក្រូចនោះជាតំណាងឲ្យពិភពលោក ហើយគេបានដោតទានមួយដើមនៅពីលើផ្លែក្រូចនោះ ជាដំណាងឲ្យព្រះគ្រីស្ទ ដែលជាពន្លឺនៃលោកិយ។ រួចគេយកខ្សែបូក្រហមមកចងព័ទជុំវិញផ្លែក្រូចនោះ ជាតំណាងឲ្យព្រះលោហិតរបស់ព្រះយេស៊ូវ។ បន្ទាប់មកគេយកឈើចាក់ធ្មេញបួនដើម មកដោតដំណាប់ផ្លែឈើក្រៀមធ្វើជាត្រណោត ហើយសៀតវាចូលតាមខ្សែបូនោះនៅសងខាងផ្លែក្រូច ជាដំណាងឲ្យផលផ្លែសម្រាប់លោកិយ។ ជាការពិតណាស់ ការតុបតែងនេះ ជាការបង្ហាញអំពីគោលបំណង ដែលព្រះគ្រីស្ទយាងចុះមក ដើម្បីនាំពន្លឺចូលមកក្នុងភាពងងឹត ដើម្បីប្រោសលោះលោកិយ ដោយខ្ចាយព្រះលោហិតរបស់ព្រះអង្គ។ លោកយ៉ូហានបានកត់ត្រា អំពីដំណើរជីវិតរបស់ព្រះគ្រីស្ទ ក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហាន។ គាត់បានពិពណ៌នាថា ព្រះយេស៊ូវជាពន្លឺនៃលោកិយ ហើយព្រះអង្គជា “ពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍”(យ៉ូហាន ១:៩)។ ជាងនេះទៅទៀត ព្រះគ្រីស្ទមិនគ្រាន់តែជាពន្លឺដែលយាងមកបំភ្លឺលោកិយ ដែលនៅក្នុងភាពងងឹតប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងជា “កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(ខ.២៩)។ សូមយើងជញ្ជឹងគិតអំពីការនេះចុះ! ព្រះឱរសនៃភូមិបេថ្លេហិម ព្រះអង្គជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ និងមានព្រះជន្មរស់ពីសុគតឡើយវិញ។ ព្រះអង្គបានសង្រ្គោះយើង ឲ្យរួចពីបាប។ ហេតុនេះហើយបានជាសាវ័កយ៉ូហានបានបង្រៀនយើង ឲ្យ “ដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ”(១យ៉ូហាន ១:៧)។ សូមឲ្យអស់អ្នកដែលបានពិសោធនឹងការសង្រ្គោះរបស់ព្រះអង្គ រកឃើញសន្តិភាព នៅក្នុងការដើរក្នុងពន្លឺព្រះអង្គ។—Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ៍។—យ៉ូហាន ១:៩