
ភាពអស្ចារ្យនៃឈើឆ្កាង
ដោយBill Crowder
January 26, 2016
ពេលដែលខ្ញុំទៅដើរលេង នៅប្រទេសអូស្រាលី ខ្ញុំមានឱកាសមើលផ្កាយឈើឆ្កាងខាងត្បូង ក្នុងពេលយប់ដែលមានផ្ទៃមេឃស្រឡះល្អ។ ផ្កាយនេះមានទីតាំងនៅភាគខាងត្បូង។ វាស្ថិតក្នុងចំណោមផ្កាយដែលមានលក្ខណៈពិសេសបំផុត ក្នុងលំហរអាកាស។ អ្នកធ្វើដំណើរតាមសមុទ្រ និងពួកនាវិក បានចាប់ផ្តើមពឹងផ្អែកលើទីតាំងរបស់ផ្កាយនេះ ក្នុងសតវត្សរ៍ទី១៥ ក្នុងការស្វែងរកទិស និងរកផ្លូវធ្វើដំណើរក្នុងសមុទ្រ នៅពេលយប់ងងឹត។ បើធៀបជាមួយផ្កាយផ្សេងទៀត ផ្កាយនេះមិនសូវធំប៉ុន្មានទេ តែគេអាចមើលវាឃើញនៅពេលយប់ ក្នុងពេលភាគច្រើននៃឆ្នាំនីមួយៗ។ នៅពេលយប់ងងឹត ផ្កាយឈើឆ្កាងខាងត្បូងបញ្ចេញពន្លឺច្បាស់ណាស់ បានជាខ្ញុំអាចមើលវាឃើញ ទោះវានៅក្នុងកណ្តាលចំណោមផ្កាយដ៏ច្រើនក៏ដោយ។ វាពិតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមែន! ព្រះគម្ពីរបានចែង អំពីឈើឆ្កាង ដែលមានភាពអស្ចារ្យជាងនេះទៅទៀត គឺឈើឆ្កាងនៃព្រះគ្រីស្ទ។ ពេលដែលយើងក្រឡេចមើលផ្កាយទាំងឡាយ យើងមើលឃើញស្នាព្រះហស្តដ៏ស្រស់ត្រកាល របស់ព្រះអាទិករ ប៉ុន្តែ ពេលយើងមើលទៅឈើឆ្កាង យើងមើលឃើញព្រះអង្គសង្រ្គោះ សុគតជួសមនុស្ស ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ។ គឺដូចដែលបទគម្ពីរហេព្រើ ១២:២ បានប្រាប់យើងឲ្យ “រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ”។ ឈើឆ្កាងនៅកាល់វ៉ារីមានភាពអស្ចារ្យ គឺដោយសារព្រះសង្រ្គោះនៃយើងបានសុគតជួសយើង នៅពេលដែលយើងនៅមានបាបនៅឡើងផង(រ៉ូម ៥:៨)។ អ្នកដែលទទួលជឿព្រះគ្រីស្ទ គឺបានជានឹងព្រះហើយ ហើយព្រះអង្គសព្វព្រះទ័យនឹងដឹកនាំពួកគេ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ(២កូរិនថូស ១:៨-១០)។ ការលះបង់របស់ព្រះគ្រីស្ទ នៅលើឈើឆ្កាង ជាការលះបង់ដ៏អស្ចារ្យបំផុត!-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើ ឆ្កាង។-ខ.២