
ព្រះអង្គស្តាប់ឮ
ដោយJennifer Benson Schuldt
February 1, 2016
បន្ទាប់ពីខ្ញុំបានអានសៀវភៅរឿងកុមារមួយចំនួន ជាមួយកូនស្រីរបស់ខ្ញុំមក ខ្ញុំក៏បានប្រាប់នាងថា ខ្ញុំនឹងអានសៀវភៅមនុស្សធំតែម្នាក់ឯង មួយរយៈសិន រួចហើយយើងនឹងអានសៀវភៅរឿងកុមារជាមួយគ្នាទៀត។ ខ្ញុំក៏បានបើកសៀវភៅ ហើយក៏ចាប់ផ្តើមអានយ៉ាងស្ងាត់ស្ងៀម។ ពីរបីនាទីក្រោយមក នាងក៏បានក្រឡេចមើលមកខ្ញុំទាំងមន្ទិល ហើយនិយាយថា “ម៉ាក់! ម៉ាក់អត់អានសៀវភៅផងហ្នឹង”។ ត្រង់ចំណុចនេះ នាងបានសន្និដ្ឋានថា ខ្ញុំមិនមែនកំពុងអានសៀវភៅទេ ព្រោះខ្ញុំមិនបានបញ្ចេញសម្លេងអាន។ ជាការពិតណាស់ យើងអាចអានសៀវភៅយ៉ាងស្ងាត់ស្ងៀម ដោយមិនបញ្ចេញសម្លេងក៏បាន។ យ៉ាងណាមិញ យើងក៏អាចអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ដោយមិនបញ្ចេញសម្លេងផងដែរ។ ពេលដែលនាងហាណាចង់បានកូនមួយ នាងបានទៅព្រះវិហារ ហើយអធិស្ឋាន “នឹកតែក្នុងពោះ”។ បបូរមាត់របស់នាងកម្រើក តែឥតឮសំឡេងនាងឡើយ(១សាំយ៉ូអែល ១:១៣)។ ពេលលោកអេលី ដែលជាសង្ឃរបស់ព្រះ បានឃើញនាងអធិស្ឋានដូចនេះ គាត់មានការយល់ច្រឡំស្មានថា នាងស្រវឹងស្រា។ បានជានាងជម្រាបគាត់ថា “ខ្ញុំ…បានប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាទេតើ”(ខ.១៥)។ ព្រះក៏បានស្តាប់ឮសេចក្តីសំណូមរបស់នាងហាណា ក្នុងការអធិស្ឋានដ៏ស្ងាត់ស្ងៀមនោះ ហើយព្រះអង្គក៏បានប្រទានកូនប្រុសមួយដល់នាង(ខ.២០)។ ដោយសារព្រះអម្ចាស់ទ្រង់ស្ទង់មើលចិត្ត និងគំនិតរបស់យើង(យេរេមា ១៧:១០) នោះព្រះអង្គក៏ជ្រាប និងស្តាប់ឮយើងអធិស្ឋានជានិច្ច ទោះយើងមិនបានបញ្ចេញសម្លេងតាមបបូរមាត់យើងក៏ដោយ។ ដោយសារព្រះអង្គជាព្រះសព្វញូញាញ ដែលជ្រាបអំពីអ្វីៗទាំងអស់ នោះយើងអាចអធិស្ឋាន ដោយទុកចិត្តទាំងស្រុងថា ព្រះអង្គនឹងស្តាប់ឮ និងឆ្លើយតបការអធិស្ឋានរបស់យើង(ម៉ាថាយ ៦:៨,៣២)។ ហេតុនេះហើយ យើងអាចបន្តសរសើរដំកើងព្រះអង្គ សូមឲ្យព្រះអង្គជួយ និងអរព្រះគុណព្រះអង្គជានិច្ច សម្រាប់ព្រះពរដែលព្រះអង្គប្រទាន ទោះបីជាអ្នកដទៃមិនអាចស្តាប់ឮក៏ដោយ។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ឯហាណា នាងនឹកតែក្នុងពោះ មានបបូរមាត់ផ្អូចៗ តែឥតឮសំឡេងនាងឡើយ។-ខ.១៣