
ការថ្កោលទោសខ្លួនឯង
ដោយDavid C. McCasland
February 5, 2016
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីអ្នកស៊ើបអង្កេតឯកជនម្នាក់ នៅសហរដ្ឋអាមេរិក។ ពេលគាត់ទៅស៊ើបអង្គេតនៅផ្ទះណាមួយ គាត់គោះទ្វារផ្ទះនោះ ហើយពេលគេបើកទ្វារឲ្យគាត់ គាត់ក៏បង្ហាញកាតសម្គាល់ខ្លួនរបស់គាត់ ហើយប្រាប់គេថា “អ្នកប្រហែលជាដឹងហើយថា ពួកខ្ញុំមកនេះទីនេះ ដើម្បីអ្វី”។ ជាញឹកញាប់ អ្នកដែលបើកទ្វារឲ្យគាត់នោះ ច្រើនតែមានការតក់ស្លត់ ហើយលាន់មាត់ថា “ហេតុអ្វីក៏លោកដឹងថា ខ្ញុំបានប្រព្រឹត្តបទល្មើសនោះ?” បន្ទាប់មក អ្នកនោះក៏បានសារភាព ដោយរៀបរាប់អំពីឧក្រឹដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត ដោយសម្ងាត់តាំងពីយូរមកហើយ។ លោករ៉ុន រូសេនបូម(Ron Rosenbaum) បានសរសេរអំពីរឿងនេះ ក្នុងទស្សនាវដ្តីស្ម៊ីតសូនៀនថា ភាពតក់ស្លុតរបស់ជនល្មើស “បានបណ្តាលឲ្យកម្លាំងមូលដ្ឋាននៃសម្បជញ្ញៈរបស់ខ្លួនរើឡើង ដែលធ្វើឲ្យអ្នកនោះសារភាពនូវការអ្វីដែលបានលាក់ក្នុងចិត្ត។ យើងទាំងអស់គ្នាបានដឹង អំពីចំណុចអាក្រក់របស់ខ្លួនឯង ដែលអ្នកដទៃមិនបានដឹង ដូចជា បរាជ័យ កំហុស និងអំពើបាប។ ទោះបីជាយើងបានសារភាពអំពីការអាក្រក់ទាំងនោះ ដល់ព្រះ ហើយបានទទួលការអត់ទោសបាបពីព្រះអង្គក៏ដោយ ក៏កំហុសទាំងអស់នោះ អាចវិលត្រឡប់មកចោទប្រកាន់យើង ម្តងហើយម្តងទៀត។ យ៉ាងណាមិញ សាវ័កយ៉ូហាន ដែលជាសាវ័កដែលស្និទ្ធនឹងព្រះយេស៊ូវ បានសរសេរអំពីសេចក្តីស្រឡាញ់ ដែលព្រះមានចំពោះយើងរាល់គ្នា ហើយបានប្រាប់យើងឲ្យស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ។ គឺដូចដែលគាត់មានប្រសាសន៍ថា “គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្តីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង”(១យ៉ូហាន ៣:១៩-២០)។ ទំនុកចិត្តដែលយើងមានចំពោះព្រះ មានការកើនឡើង ពេលយើងដឹងថា ព្រះអង្គស្រឡាញ់យើង និងបានអត់ទោសឲ្យយើង គឺមិនមែនដោយសារការប្រឹងប្រែង ក្នុងជីវិតរបស់យើងឡើយ។ “យើងដឹងថា ទ្រង់គង់នៅក្នុងយើង ដោយសារព្រះវិញ្ញាណដែលទ្រង់ប្រទានមក”(ខ.២៤)។ ពេលដែលយើងប្រកាន់ទោសខ្លួនឯង នោះចូរយើងចាំថា ព្រះដែលជ្រាបអំពីយើងគ្មានកន្លែងចន្លោះ ទ្រង់ធំជាងការដែលយើងប្រកាន់ទោសខ្លួនឯង។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង។-ខ.២០