
ត្រូវការអ្នកជំនួយ
ដោយAnne Cetas
February 18, 2016
អ្នកខ្លះយល់ថា អ្នកជំនួយមានតម្លៃតិចជាងអ្នកដឹកនាំ ឬអ្នកជំនាញ។ ឧទាហរណ៍ គ្រូជំនួយក្នុងថ្នាក់រៀន ជួយគ្រូបង្រៀនដែលមានការបណ្តុះបណ្តាល។ ជាងអេឡិចត្រូនិច ជាងប្រព័ន្ធទឹក និងមេធាវី ក៏មានអ្នកជំនួយ នៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។ ដោយសារអ្នកជំនួយមិនមានឯកទេស នៅក្នុងអាជីពនោះ នោះគេប្រហែលជាយល់ថា ពួកគេមានតម្លៃតិចជាង ពួកអាជីពទាំងនោះ។ ប៉ុន្តែ គេត្រូវការទាំងអ្នកអាជីព និងអ្នកជំនួយ ដើម្បីបំពេញកិច្ចការទំាងនោះ។ យ៉ាងណាមិញ សាវ័កប៉ុលមានអ្នកជំនួយជាច្រើន ក្នុងការងារបម្រើព្រះ។ គឺដូចដែលគាត់បានរៀបរាប់ឈ្មោះរបស់ពួកគេ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូមជាដើម(ជំពូក ១៦)។ គាត់បានលើកឡើងអំពីអ្នកស្រីភីបេ ជាពិសេសថា អ្នកស្រីភីបេ “បានជួយគេជាច្រើន ព្រមទាំងជួយខ្ញុំផងដែរ”(ខ.២)។ អ្នកស្រីព្រីស៊ីល និងលោកអ័គីឡាបានហ៊ានប្រថុយជីវិតរបស់ខ្លួន ដើម្បីជួយសាវ័កប៉ុល(ខ.៣-៤)។ ហើយសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា អ្នកស្រីម៉ារា “ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយក្រុមការងាររបស់គាត់”(ខ.៦)។ តាមបទគម្ពីរ ១កូរិនថូស ១២:២៨ ការជំនួយ ជាអំណោយទានខាងវិញ្ញាណ។ សាវ័កប៉ុលបានរាប់បញ្ចូលអំណោយទានមួយនេះ ក្នុងចំណោមអំណាយទានជាច្រើនទៀត ដែលព្រះវិញ្ញាណបរិសុទ្ធប្រទាន ដល់រូបកាយនៃព្រះគ្រីស្ទ ដែលជាពួកជំនុំ។ អំណោយទាន នៃ “ការជំនួយ” ក៏មានភាពចាំបាច់ ដូចអំណោយទានដទៃទៀត ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។ សូម្បីតែព្រះវិញ្ញាណបរិសុទ្ធ ក៏ជា “អ្នកជំនួយ”មួយអង្គផងដែរ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ”(យ៉ូហាន ១៤:២៦)។ ទោះព្រះវិញ្ញាណដ៏ជាជំនួយ បានប្រទានយើងនូវអំណោយទានមួយណាក៏ដោយ សូមយើងប្រើអំណោយទាននោះ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។-Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ … ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ។-យ៉ូហាន ១៤:២៦