
លប់រណ្តៅដែលបាក់ស្រុត
ដោយMarvin Williams
February 20, 2016
កាលពីចុងខែឧសភា ឆ្នាំ២០១០ ខ្យល់ព្យុះត្រូពិកអាហ្កាថា បានបក់បោកមកលើតំបន់អាមេរិកកណ្តាល ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង និងមានការបាក់ដី នៅកន្លែងជាច្រើន។ ពេលដែលខ្យល់ព្យុះនេះស្ងប់ ស្រាប់តែមានដីបាក់ស្រុតជារណ្តៅដ៏ធំមួយ ជម្រៅ៦០ម៉ែត្រ ក្នុងទីប្រជុំជន នៃទីក្រុងកាតេម៉ាឡា។ ការបាក់ស្រុតជារណ្តៅនេះ បានបណ្តាលឲ្យបាក់ស្រុតដីដែលក្បែរនោះ ដោយស្រូបទាញដី បង្គោលភ្លើង និងអគារកំពស់៣ជាន់មួយខ្នង ចូលទៅក្នុងដីដ៏ជ្រៅនោះ។ ការបាក់ស្រុតដីជារណ្តៅដ៏ធំដូចនេះ អាចនាំឲ្យមានមហន្តរាយដ៏ធ្ងន់ធ្ងរ ប៉ុន្តែ ការបាក់ស្រុតជារណ្តៅដែលកើតមានជាញឹកញាប់ ហើយនាំឲ្យមហន្តរាយបំផុតនោះ គឺការបាក់ស្រុត ដែលមានក្នុងចិត្តមនុស្សទៅវិញទេ។ គឺដូចដែលយើងឃើញមាន ក្នុងដំណើរជីវិតរបស់ស្តេចដាវីឌ ជាឧទាហរណ៍ស្រាប់។ បើគេមើលស្តេចដាវីឌតែសម្បកក្រៅ គឺឃើញការរស់នៅរបស់ទ្រង់មានភាពនឹងនរ តែទោះជាយ៉ាងណាក៏ដោយ តាមពិត ជីវិតខាងក្នុងរបស់ទ្រង់ បានតាំងនៅលើគ្រឹះដែលងាយបាក់បែក។ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពីកំផឹតនិងការកំចាយឈាម ទ្រង់គិតថា ទ្រង់បានលាក់ទុកទង្វើរដ៏ពិសពល់នោះជិត មិនឲ្យគេដឹងទេ(២សាំយ៉ូអែល ១១-១២)។ ទោះជាយ៉ាងណាក៏ដោយ ព្រះក៏បានចាក់ចុចចិត្តទ្រង់យ៉ាងខ្លាំង បន្ទាប់ពីណាថាន បានមកជួបទ្រង់ ធ្វើឲ្យទ្រង់ដឹងខ្លួនថា ការលាក់ទុកអំពើបាបក្នុងជីវិតរបស់ទ្រង់ បានធ្វើឲ្យគ្រឹះនៃជីវិតខាងវិញ្ញាណរបស់ទ្រង់មានការបាក់ស្រុតជ្រៅទៅៗ។ ដូចនេះ ស្តេចដាវីឌក៏បានទទួលស្គាល់អំពើបាបរបស់ទ្រង់ នៅចំពោះព្រះ ដោយការប្រែចិត្ត(ទំនុកដំកើង ៣២:៥) ដើម្បីកុំឲ្យការបាក់ស្រុតខាងវិញ្ញាណ ប្រែជាកាន់តែអាក្រក់ទៅៗ។ ដូចនេះ ព្រះក៏បានគ្របបាំងអំពើបាបរបស់ស្តេចដាវីឌ ហើយក៏បានប្រទានឲ្យទ្រង់មានក្តីអំណរ ពីការអត់ទោសបាប។ ត្រង់ចំណុចនេះ យើងក៏នឹងបានពិសោធនឹងព្រះគុណព្រះផងដែរ ពេលដែលយើងសារភាពអំពើបាបរបស់យើង នៅចំពោះព្រះអង្គ។ ព្រះអង្គនឹងអត់ទោសឲ្យយើង ហើយលប់រណ្តៅខាងវិញ្ញាណរបស់យើងទាំងស្រុង ដែលបានបាក់ស្រុត។-Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ។-ខ.១