
រង់ចាំ…
ដោយAnne Cetas
April 21, 2016
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលលោកហារី(Harry) បានទូលថ្វាយព្រះអម្ចាស់ ជារៀងរាល់ថ្ងៃ អំពីកង្វល់ដែលគាត់មាន ចំពោះលោកចន(John) ដែលជាកូនប្រសាររបស់គាត់ ដែលបានងាកបែរចេញពីព្រះ។ បន្ទាប់មក លោកហារីក៏បានលាចាកលោកទៅ។ ពីរបីខែក្រោយមក លោកចនក៏បានងាកបែរមករកព្រះអម្ចាស់វិញ។ ពេលដែលអ្នកស្រីម៉ាសា(Marsha) ដែលជាម្តាយក្មេក បានប្រាប់គាត់ថា លោកហារីបានអធិស្ឋានឲ្យគាត់ជារៀងរាល់ថ្ងៃ លោកចនក៏បានឆ្លើយតបថា “ខ្ញុំចង់ងាកមករកព្រះអង្គវិញ តែខ្ញុំមិនគួររង់ចាំយូរយ៉ាងនេះសោះ”។ ប៉ុន្តែ ម៉ាសាក៏បានចែកចាយដោយអំណរថា “ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់បងហារីហើយ”។ ទីបន្ទាល់របស់លោកហារី ជាការលើកទឹកចិត្តសម្រាប់យើង ដែលជាអ្នកអធិស្ឋាន និងរង់ចាំព្រះអង្គឆ្លើយតប។ គាត់បានបន្ត “អធិស្ឋានយ៉ាងខ្ជាប់ខ្ជួន” ហើយបានរង់ចាំដោយអត់ធ្មត់(រ៉ូម ១២:១២)។ អ្នកនិពន្ធទំនុកដំកើង ជំពូក១៣០ បានពិសោធនឹងការរង់ចាំ ក្នុងការអធិស្ឋាន។ គាត់បានមានប្រសាសន៍ថា “ទូលបង្គំរង់ចាំព្រះយេហូវ៉ា គឺព្រលឹងទូលបង្គំរង់ចាំទ្រង់ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់”(ខ.៥)។ គាត់បានរកឃើញក្តីសង្ឃឹម ក្នុងព្រះ ព្រោះគាត់បានដឹងថា “មានសេចក្តីសប្បុរស់នៅនឹងព្រះយេហូវ៉ា ហើយមានសេចក្តីប្រោសលោះជាបរិបូរនៅនឹងទ្រង់ដែរ”(ខ.៧)។ មានអ្នកនិពន្ធម្នាក់ ឈ្មោះសេមញូល អេនយ៉ា(Samuel Enyia)បានរៀបរាប់ក្នុងសៀវភៅរបស់គាត់ អំពីការកំណត់ពេលវេលារបស់ព្រះថា “ព្រះមិនពឹងផ្អែកទៅលើពេលវេលារបស់យើងទេ។ ពេលវេលារបស់យើងមានកំណត់ ហើយមានការរំកិលទៅមុខជានិច្ច ប៉ុន្តែ ព្រះអង្គមិនទទួលផលប៉ះពាល់ពីពេលវេលាឡើយ។ ព្រះអង្គនឹងធ្វើការដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ នៅពេលដែលព្រះអង្គបានកំណត់។ ការអធិស្ឋានរបស់យើង មិនអាចជំរុញឲ្យព្រះប្រញាប់ធ្វើការមុនពេលដែលព្រះអង្គបានកំណត់ឡើយ ប៉ុន្តែ ការអធិស្ឋាននាំឲ្យយើងចូលទៅចំពោះព្រះអង្គ ដោយការប្រកបស្និទ្ធស្នាល”។ យើងពិតជាមានអភ័យឯកសិទ្ធិពិសេសណាស់ ដែលបានប្រកបស្និទ្ធស្នាលជាមួយព្រះ ដោយការអធិស្ឋាន ហើយរង់ចាំព្រះអង្គឆ្លើយតប តាមពេលដែលព្រះអង្គបានកំណត់។-Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន។-រ៉ូម ១២:១២