
ឈ្មោះដែលសក្តិសម
ដោយBill Crowder
May 23, 2016
ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលឈ្មោះរបស់ប្រទេសនេះ ជាការរួមផ្សំនៃពាក្យពីរផ្សេងគ្នា ក្នុងភាសាក្រិក ដែលរួមគ្នាមក មានន័យថា “កោះ”។ ការដាក់ឈ្មោះដូចនេះ គឺពិតជាត្រឹមត្រូវ ព្រោះប្រទេសឥណ្ឌូនេស៊ី ជាប្រជុំកោះ ដែលមានជាង១៧៥០០កោះ នៅក្នុងក្រឡាផ្ទៃជិត ១២០៧ ០០០ គីឡូម៉ែត្រការេ។ ដូចនេះ ឈ្មោះឥណ្ឌូនេស៊ី គឺជាឈ្មោះដែលសក្តិសមនឹងប្រទេសដែនកោះមួយនេះណាស់។ ក្នុងព្រះគម្ពីរ យើងឃើញថា មានមនុស្សជាច្រើន ដែលច្រើនតែត្រូវគេដាក់ឈ្មោះឲ្យ នៅពេលកើត ឬនៅក្រោយពេលកើត ហើយឈ្មោះនោះ បង្ហាញពីអត្តសញ្ញាណ ឬអំពីបុគ្គលិកលក្ខណៈរបស់ម្ចាស់ឈ្មោះ។ ឈ្មោះរបស់លោកបាណាបាស ក្នុងព្រះគម្ពីរកិច្ចការ គឺមានន័យថា “អ្នកជំនួយ” ហើយគេសង្កេតឃើញគាត់ ជួយលើកទឹកចិត្តអ្នកដែលគាត់បានជួបជានិច្ច។ ហើយឈ្មោះលោកយ៉ាកុប មានន័យថា “មេបោក” ហើយគេឃើញថា គាត់បានប្រើប្រាស់មនុស្ស និងស្ថានភាព ជាប្រយោជន៍ផ្ទាល់ខ្លួន ជាច្រើនលើកច្រើនសារ។ ហើយគ្មាននរណា ដែលមានឈ្មោះ ដែលសក្តិសមជាង ព្រះយេស៊ូវឡើយ។ ពេលដែលទេវតានៃព្រះអម្ចាស់ ប្រាប់លោកយ៉ូសែប អំពីព្រះរាជបុត្រាដែលជិតចាប់កំណើត ទេវតាបានមានបន្ទូលថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ព្រះនាមយេស៊ូវ គឺមានន័យថា “ព្រះអម្ចាស់សង្រ្គោះ” ហើយបានបង្ហាញថា ព្រះយេស៊ូវជានរណា ហើយព្រះអង្គយាងមកដើម្បីអ្វី។ ព្រះអង្គមានព្រះនាមមួយទៀតគឺ អេម៉ាញូអែល ដែលមានន័យថា “ព្រះអង្គទ្រង់គង់នៅជាមួយយើងខ្ញុំ”(១:២៣)។ ព្រះនាមព្រះអង្គបង្ហាញអំពីក្តីសង្ឃឹមអស់កល្បជានិច្ចដល់យើង!-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
អ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ»។-ខ.២១