
មេរៀនដែលទទួលបានពីការឈឺធ្មេញ
ដោយPohfang Chia
June 7, 2016
លោកស៊ី អេស លូវីស(C. S. Lewis) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ជំនឿដ៏ពិតរបស់គ្រីស្ទបរិស័ទ”។ នៅក្នុងសៀវភៅនេះ គាត់បានសរសេរថា “កាលនៅពីក្មេង ខ្ញុំឧស្សាហ៍ឈឺធ្មេញ ហើយបើសិនជាខ្ញុំទៅរកម្តាយរបស់ខ្ញុំ គាត់នឹងដាក់ថ្នាំឲ្យខ្ញុំ ដើម្បីជួយបំបាត់ការឈឺចាប់ នៅពេលយប់នោះ ហើយឲ្យខ្ញុំទៅគេង។ ប៉ុន្តែ ខ្ញុំមិនបានទៅរកម្តាយខ្ញុំទេ ទាល់តែធ្មេញខ្ញុំឈឺខ្លាំងទ្រាំលែងបាន ទើបខ្ញុំទៅរកគាត់ ដូចនេះ គាត់ក៏ឲ្យខ្ញុំចាំទៅពេទ្យធ្មេញ នៅពេលព្រឹកថ្ងៃស្អែក។ ខ្ញុំចង់ឲ្យបាត់ឈឺធ្មេញភ្លាមៗ ប៉ុន្តែ ខ្ញុំមិនអាចបាត់ឈឺធ្មេញឡើយ បើសិនជាខ្ញុំមិនឲ្យគេព្យាបាលធ្មេញនោះឲ្យបានស្រួលបួលទេនោះ។ យ៉ាងណាមិញ យើងក៏ប្រហែលជាមិនចង់ចូលទៅរកព្រះភ្លាមៗដែរ ពេលដែលយើងមានបញ្ហា ឬកំពុងជួបការលំបាកក្នុងផ្នែកណាមួយ គឺមិនសូវខុសពីលោកលូវីសប៉ុន្មានទេ។ យើងដឹងថា ព្រះអង្គអាចដកយកចេញនូវការឈឺចាប់ ចេញពីយើងភ្លាមៗ ប៉ុន្តែ ព្រះអង្គសព្វព្រះទ័យនឹងដោះស្រាយឫសគុលនៃបញ្ហានោះ ជាជាងដកចេញនូវការឈឺចាប់ភ្លាមៗ។ ពេលនោះ យើងប្រហែលជាខ្លាចព្រះអង្គបើកកកាយរឿង ដែលយើងមិនបានត្រៀមខ្លួនដោះស្រាយ ឬមិនព្រមដោះស្រាយ។ ពេលដែលយើងមានបញ្ហាដូចនេះ យើងចាំបាច់ត្រូវរំឭកខ្លួនឯងថា “ព្រះអង្គទ្រង់ប្រព្រឹត្តនឹងយើងរាល់គ្នា ដូចជាកូនទេ”(ហេព្រើ ១២:៧)។ ព្រះអង្គប្រៀនប្រដៅយើងដោយប្រាជ្ញា ទោះយើងអាចមានការឈឺចាប់ក៏ដោយ ហើយព្រះអង្គក៏បានពាល់យើង ដោយសេចក្តីស្រឡាញ់។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គមិនចង់ឲ្យជីវិតយើងនៅដដែលទេ តែព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ(រ៉ូម ៨:២៩)។ យើងអាចទុកចិត្តលើបំណងព្រះទ័យរបស់ព្រះអង្គដែលពេញដោយក្តីស្រឡាញ់ ជាជាងទុកចិត្តលើអារម្មណ៍របស់យើង ដែលមានការភ័យខ្លាច។-Poh Fang Chia
បទគម្ពីរប្រចាំថ្ងៃ
បើសិនជាអ្នករាល់គ្នាត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ។-ខ.៧