
ស្ពានជីវិត
ដោយJennifer Benson Schuldt
July 18, 2016
ប្រជាជនដែលរស់នៅ ក្នុងក្រុងចេរាពុងជី ប្រទេសឥណ្ឌា បានរកឃើញវិធីសាស្រ្តដ៏ពិសេសមួយ សម្រាប់ឆ្លងស្ទឹង និងអូរជាច្រើន ក្នុងទឹកដីរបស់ពួកគេ។ ពួកគេបានសង់ស្ពានដោយប្រើឫសរបស់ដើមកៅស៊ូ។ ពួកគេបានដាំដើមកៅស៊ូ នៅតាមច្រាំងឲ្យដុះឫស ចេញជា “ស្ពានដែលមានជីវិត” ឆ្លងទៅត្រើយម្ខាង ដែលត្រូវចំណាយពេលពី១០ ទៅ១៥ឆ្នាំ ទំរាំតែដើមកៅស៊ូទាំងនោះធំពេញវ័យ។ តែពេលដែលដើមកៅស៊ូទាំងនោះ ដុះចេញជាស្ពានបានរឹងមាំហើយ ស្ពាននោះមានលំនឹងណាស់ ហើយគេក៏អាចប្រើប្រាស់វាបានរាប់រយឆ្នាំ។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រៀបប្រដូចអ្នក ដែលទុកចិត្តព្រះ ទៅនឹង “ដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ”(យេរេមា ១៧:៨)។ ដោយសារឫសរបស់ដើមឈើនោះ បានស្រូបយកជីវជាតិបានល្អ នោះវាអាចបន្តមានជីវិត នៅពេលមានអាកាសធាតុក្តៅខ្លាំង។ ហើយក្នុងអំឡុងពេលរាំងស្ងួត វានៅតែបន្តចេញផ្លែផ្កា។ យើងអាចមានភាពរឹងមាំដូចដើមឈើដែលចាក់ឫសបានល្អ ពេលដែលយើងពឹងផ្អែកលើព្រះ ដោយមានភាពនឹងនរ និងភាពរឹងមាំ ទោះបីជាយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតក៏ដោយ។ ផ្ទុយទៅវិញ អ្នកដែលទុកចិត្តលើមនុស្ស ច្រើនតែរស់នៅ ដោយគ្មានលំនឹង។ ព្រះគម្ពីរបានប្រៀបប្រដូចពួកគេ ទៅនឹងដើរឈើតូចៗនៅវាលរហោស្ថាន ដែលច្រើនតែខ្វះជីវជាតិ នឹងឈរនៅតែឯង(ខ.៦)។ ជីវិតខាងវិញ្ញាណរបស់អ្នកដែលលះចោលព្រះ គឺមានលក្ខណៈដូចនេះឯង។ ដូចនេះ យើងអាចសួរខ្លួនឯងថា តើយើងចាក់ឫសនៅកន្លែងណា? តើយើងបានចាក់ឫសនៅក្នុងព្រះយេស៊ូវឬទេ?(កូល៉ុស ២:៧) តើយើងជាស្ពានដែលចម្លងអ្នកដទៃ ឲ្យទៅរកព្រះអង្គឬទេ? បើយើងស្គាល់ព្រះគ្រីស្ទ នោះយើងនឹងធ្វើបន្ទាល់ចំពោះសេចក្តីពិតនេះថា មានពរហើយ អ្នកដែលទុកចិត្តលើព្រះអម្ចាស់(យេរេមា ១៧:៧)។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
មានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់។-ខ.៧