
ខ្ញុំមកថ្វាយខ្លួន
ដោយAnne Cetas
July 31, 2016
ពេលខ្ញុំកំពុងអង្គុយនៅក្នុងមហោស្រព ខ្ញុំក៏បាននឹកឃើញអនុស្សាវរីយ៍ល្អៗជាច្រើន។ ពេលនោះ អ្នកដឹកនាំក្រុមចម្រៀងទើបតែបានប្រាប់ចំណងជើងបទចម្រៀង ដែលពួកគេរៀបនឹងច្រៀង គឺបទ “ខ្ញុំមកថ្វាយខ្លួន”(ក្នុងសៀវភៅទំនុកដំកើង លេខ២០១)។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា នៅចុងបញ្ចប់នៃការអធិប្បាយរបស់គ្រូគង្វាលខ្ញុំ គាត់បានប្រាប់អ្នកមកចូលរួម ឲ្យដើរមកខាងមុខ ខណៈពេលដែលយើងកំពុងច្រៀងចម្រៀងមួយបទនោះ ដែលការនេះបានបង្ហាញថា ពួកគេចង់ទទួលការអត់ទោសបាបរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ អ្នកដឹកនាំក្រុមចម្រៀងនៅមហាស្រពបានមានប្រសាសន៍ថា គាត់ចង់ច្រៀងបទនេះជាមួយយើងម្តងទៀត នៅពេលក្រោយ គឺនៅពេលដែលគាត់លាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ ដែលនៅថ្ងៃនោះ គាត់នឹងច្រៀងថ្វាយព្រះអង្គ នៅនគរស្ថានសួគ៌ ដោយចិត្តកត្តុញ្ញូថា : ខ្ញុំមកថ្វាយខ្លួន ឥតមានអ្វីអាង អាងតែឈាមទ្រង់ហូរលើឈើឆ្កាង នឹងព្រះបន្ទូលជាទីសំអាង ឱព្រះសង្រ្គោះអើយ ខ្ញុំមក! រយៈពេលជាច្រើនឆ្នាំ មុនពេលអ្នកស្រីឆាឡុត អេលាត(Charlotte Elliott) និពន្ធទំនុកមួយនេះ គាត់បានសួរអ្នកដឹកនាំគ្រីស្ទបរិស័ម្នាក់ អំពីរបៀបទទួលជឿព្រះ។ គាត់ក៏បានប្រាប់នាង ឲ្យចូលទៅរកព្រះអង្គ ទោះជាជីវិតនាងមានសណ្ឋានបែបណាក៏ដោយ។ នាងក៏បានចូលទៅរកព្រះអង្គ ហើយក្រោយមក ពេលនាងកំពុងបាក់ទឹកចិត្តដោយសារមានជម្ងឺ នាងក៏បាននិពន្ធបទចម្រៀងទំនុកដំកើងមួយបទនេះ ដែលនិយាយអំពីថ្ងៃដែលនាងទទួលជឿព្រះគ្រីស្ទ ហើយព្រះអង្គបានអត់ទោសបាបឲ្យនាង។ ព្រះអម្ចាស់បានលើកទឹកចិត្តយើង ឲ្យស្វែងរកព្រះអង្គ គឺដូចដែលមានចែងក្នុងព្រះបន្ទូលព្រះអង្គថា “ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ”(អេសាយ ៥៥:៦)។ ព្រះអង្គបានមានបន្ទូលមកកាន់ចិត្តយើងថា “អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ … ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ”(ខ.១,៣)។ ដោយសារការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ នោះយើងអាចចូលមករកព្រះអង្គ ក្នុងពេលឥឡូវនេះ ហើយនៅថ្ងៃណាមួយ យើងនឹងបានទៅនៅជាមួយព្រះអង្គអស់កល្បជានិច្ច។ ខ្ញុំមកថ្វាយខ្លួន … ឱព្រះសង្រ្គោះអើយ ខ្ញុំមក!-Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ។-ខ.៣