
រឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ
ដោយRandy Kilgore
August 14, 2016
កាលពី៥០ឆ្នាំមុន មានពេលមួយខ្ញុំត្រូវសត្វឃ្មុំមួយហ្វូងដេញតាម បានជាខ្ញុំរត់គេច ទៅរកផ្ទះលោកចេយ អេលាត(Jay Elliott) ដោយទម្លាយទ្វារខាងមុខផ្ទះគាត់ ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រួចខ្ញុំក៏បានរត់គេចចេញតាមទ្វារក្រោយ ហើយក៏បានដឹងថា សត្វឃ្មុំលែងដេញតាមខ្ញុំទៀតហើយ។ តាមពិត ខ្ញុំបាននាំហ្វូងឃ្មុំចូលផ្ទះគាត់។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញគាត់រត់យ៉ាងលឿនចេញតាមទ្វារក្រោយ ដោយមានសត្វឃ្មុំដេញតាមពីក្រោយ។ ថ្ងៃនោះ ខ្ញុំត្រូវសត្វឃ្ញុំទិចបួនដប់ទ្រនិច មិនមានអ្វីធ្ងន់ធ្ងរទេ តែលោកចេយ មានបទពិសោធន៍ខុសពីខ្ញុំ។ ទោះបីជាគាត់ត្រូវសត្វឃ្មុំទិចតែពីរបីទ្រនិចក៏ដោយ ក៏ភ្នែក និងកររបស់គាត់បានឡើងហើមប៉ោង ដោយសារមានប្រតិកម្មដ៏ឈឺចាប់នឹងជាតិពិស។ សកម្មភាពរបស់ខ្ញុំបានបណ្តាលឲ្យមានការឈឺចាប់ ដល់មិត្តភក្តិរបស់ខ្ញុំ។ រឿងនេះបានឆ្លុះបញ្ចាំង អំពីការពិត ដែលកើតមានក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃផងដែរ។ យើងអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដូចត្រូវសត្វទិច ដោយសារទង្វើរបស់យើង ដែលមិនមានលក្ខណៈដូចព្រះគ្រីស្ទ។ ទោះយើងបានសុំទោសគេហើយក្តី ក៏“ទ្រនិច”នៃកំហុសរបស់យើង នៅតែជាប់ក្នុងចិត្តគេ។ គេគួរតែរំពឹងថា គ្រីស្ទបរិស័ទមិនមានភាពកាច ឬគ្រោកគ្រាត និងភាពឆេវឆាវទេ។ យើងប្រហែលជាភ្លេចហើយថា ជួនកាល អ្នកដែលមានការពិបាក នៅក្នុងសេចក្តីជំនឿ ឬក្នុងការរស់នៅ បានមើលមកគ្រីស្ទបរិស័ទ ដោយការរំពឹងគិតជាច្រើន។ ពួកគេរំពឹងថា គ្រីស្ទបរិស័ទជាមនុស្សដែលមានកំហឹងតិច តែមានក្តីមេត្តាច្រើន មានការថ្កោលទោសតិច តែមានក្តីអាណិតច្រើន និងមានការរិះគន់តិច តែមានការលើកទឹកចិត្តច្រើន។ ព្រះយេស៊ូវបានប្រាប់យើងឲ្យរស់នៅឲ្យបានល្អ ដើម្បីថ្វាយសិរីល្អដល់ព្រះ(ម៉ាថាយ ៥:១៦ ១ពេត្រុស ២:១២) ហើយម្យ៉ាងទៀត សាវ័កពេត្រុសក៏បានបង្រៀនដូចនេះផងដែរ។ សូមឲ្យសកម្មភាព និងការឆ្លើយតបរបស់យើង នាំអ្នកដែលនៅក្បែរយើង ឲ្យងាកទៅរកព្រះវរបិតាដែលមានក្តីស្រឡាញ់។-Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។-ខ.១២