
អំណាចនៃពិធីបុណ្យ
ដោយJulie Ackerman Link
September 30, 2016
ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង គ្រួសាររបស់ខ្ញុំមានច្បាប់គ្រួសារជាច្រើន ដែលក្នុងនោះ យើងមានច្បាប់មួយ ដែលបានហាមមិនឲ្យយើងចូលគេង ទាំងមានកំហឹង(អេភេសូរ ៤:២៦)។ យើងត្រូវដោះស្រាយបញ្ហាទំនាស់ និងការខ្វែងគំនិតគ្នាឲ្យអស់ ជាមុនសិន។ ទន្ទឹមនឹងការអនុវត្តតាមច្បាប់មួយនេះ យើងមានប្រពៃណីមុនចូលគេង ដែលតម្រូវឲ្យឪពុកម្តាយរបស់ខ្ញុំ និយាយមកកាន់ខ្ញុំ និងបងប្រុសខ្ញុំថា “រាត្រីសួស្តី ម៉ាក់និងប៉ាស្រឡាញ់កូនទាំងពីរ”។ ហើយយើងក៏ឆ្លើយតបថា “រាត្រីសួស្តី កូនក៏ស្រឡាញ់ម៉ាក់និងប៉ាដែរ”។ ថ្មីៗនេះខ្ញុំបានយល់ពីតម្លៃនៃប្រពៃណីមួយនេះ។ ពេលដែលម្តាយខ្ញុំកំពុងគេងសម្រាកព្យាបាល នៅលើគ្រែក្នុងមន្ទីរពេទ្យ ជិតដល់ពេលដែលត្រូវលាចាកលោក ដោយសារជម្ងឺមហារីកសួត គាត់មានការឆ្លើយតប កាន់តែតិចទៅៗ។ ប៉ុន្តែ ជារៀងរាល់ពេលយប់ មុនពេលខ្ញុំដើរចេញពីបន្ទប់របស់គាត់ ខ្ញុំប្រាប់គាត់ថា “ខ្ញុំស្រឡាញ់ម៉ាក់”។ ហើយទោះបីជាគាត់មិនអាចនិយាយអ្វីច្រើនក៏ដោយ ក៏គាត់នៅតែឆ្លើយតបថា “ម៉ាក់ក៏ស្រឡាញ់កូនដែរ”។ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានចម្រើនវ័យធំឡើង ដោយមិនបានដឹងថា ប្រពៃណីនេះមានតម្លៃប៉ុណ្ណា ចំពោះគ្រួសារខ្ញុំទេ គឺទើបតែនៅពេលថ្មីៗនេះ។ ពេលដែលយើងអនុវត្តច្រំដែលៗ តាមប្រពៃណីដ៏ល្អមួយ អស់រយៈពេលជាច្រើនឆ្នាំ យើងប្រហែលជាមិនបានចាប់អារម្មណ៍ថា ប្រពៃណីនោះមានតម្លៃប៉ុណ្ណាចំពោះយើងទេ។ ប៉ុន្តែ ប្រពៃណីដ៏ល្អខ្លះ បានផ្តល់នូវការក្រើនរំឭកដ៏សំខាន់ អំពីសេចក្តីពិតខាងវិញ្ញាណដ៏វិសេស។ មានគ្រីស្ទបរិស័ទខ្លះ នៅសតវត្សរ៍ទី១ បានប្រារព្ធធ្វើពិធីលៀងព្រះអម្ចាស់ខុសរបៀប បានជាសាវ័កប៉ុលណែនាំពួកគេឲ្យអនុវត្តឲ្យបានត្រឹមត្រូវ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។ ដូចនេះ យើងមិនគួរបោះបង់ចោលប្រពៃណីដ៏ល្អទេ ផ្ទុយទៅវិញ យើងចាំបាច់ត្រូវគិតឡើងវិញ អំពីតម្លៃ និងអត្ថន័យរបស់ប្រពៃណីនោះ។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ចូរធ្វើកិច្ចនេះ ទុកជាសេចក្តីរំឭកពីខ្ញុំចុះ។-ខ.២៤