ព្រឹក

ផ្លាស់ប្រែពីអ្នកលាក់ខ្លួន ទៅជាអ្នកស្វែងរក
ដោយRandy Kilgore
October 17, 2016
ពេលដែលខាត់ធ្រីន(Kathryn) កូនស្រីរបស់ខ្ញុំនៅតូច មិនទាន់ចេះដើរឬវា នាងបានរកវិធីលាក់ខ្លួនពីមនុស្សម្នា ពេលដែលនាងចង់នៅម្នាក់ឯង ឬចង់ធ្វើអ្វីតាមចិត្តរបស់ខ្លួន។ នាងបានលាក់ខ្លួន ដោយគ្រាន់តែបិទភ្នែក។ នាងគិតថា ពេលនាងមើលគេមិនឃើញ នោះគេក៏មើលនាងមិនឃើញដែរ។ នាងបានបិទភ្នែក នៅក្នុងកៅអីរបស់នាងក្នុងឡាន ពេលដែលមាននរណាម្នាក់ព្យាយាមនិយាយរកនាង។ ពេលនាងមិនចូលចិត្តអាហារ ដែលយើងចញ្ចុក នាងបានបិទភ្នែកក្នុងកៅអីសម្រាប់កូនក្មេងអង្គុយញាំអាហារ។ ហើយនាងថែមទាំងបិទភ្នែក ពេលដែលយើងប្រាប់នាងថា ដល់ពេលចូលគេងហើយ។ លោកយ៉ូណាសក៏មានវិធីសាស្រ្តលាក់ខ្លួន តាមបែបមនុស្សធំផងដែរ ប៉ុន្តែ មិនមានប្រសិទ្ធិភាពជាងវិធីសាស្រ្តរបស់កូនស្រីខ្ញុំទេ។ ពេលព្រះទ្រង់ត្រាសហៅគាត់ ឲ្យធ្វើអ្វីដែលគាត់មិនចង់ធ្វើ គាត់ក៏បានរត់គេច ទៅកន្លែងផ្សេង។ ប៉ុន្តែ មិនយូរប៉ុន្មានគាត់ក៏បានដឹងថា គ្មានកន្លែងណាដែលព្រះមិនអាចរកគាត់ឃើញនោះឡើយ។ តាមពិត ព្រះគម្ពីរបានចែងអំពីរឿងជាច្រើន ដែលនិយាយអំពីការដែលព្រះរកឃើញអ្នកដែលមិនចង់ឲ្យគេតាមរក(និក្ខមនំ ២:១១-៣:៦ ១ពង្សាវតាក្សត្រ ១៩:១-៧ កិច្ចការ ៩:១-១៩)។ អ្នកប្រហែលជាព្យាយាមលាក់ខ្លួន មិនឲ្យព្រះអង្គឃើញ ឬគិតថា ព្រះអង្គមិនអាចមើលអ្នកឃើញ។ តែយើងត្រូវដឹងថា ព្រះទ្រង់អាចទតឃើញ និងស្តាប់ឮពាក្យអធិស្ឋានរបស់ហោរាដែលមិនស្តាប់បង្គាប់ នៅក្នុងពោះត្រីធំ ដូចនេះ ព្រះអង្គនៅតែទតឃើញ និងស្តាប់ឮសម្លេងរបស់យើង ទោះយើងនៅទីណា ហើយកំពុងធ្វើអ្វីក៏ដោយ។ ប៉ុន្តែ យើងមិនត្រូវខ្លាចព្រះអង្គទត ឬស្តាប់យើងឮឡើយ។ ផ្ទុយទៅវិញ នេះពិតជាការកម្សាន្តចិត្តដ៏អស្ចារ្យ ពេលដែលយើងដឹងថា ព្រះអង្គគង់នៅក្បែរ ហើយមើលថែរយើងជានិច្ច!-Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី។-២:២
ល្ងាច

បទចម្រៀងកំសត់
ដោយBill Crowder
October 17, 2016
ថ្ងៃមួយ ក្នុងខែវិច្ឆិការ ឆ្នាំ១៩៦៣ លោកប្រាយអិន វីលសិន(Brian Wilson) និងម៉ៃ ឡោ(Mike Love) ដែលជាសមាជិកក្រុមចម្រៀងដឺប៊ីជ ប៊យ(the Beach Boys) បាននិពន្ធបទចម្រៀងមួយបទ ដែលមានលក្ខណៈខុសពីបទចម្រៀងមុខៗរបស់ក្រុមនេះ ដែលច្រើនតែមានចង្វាក់លឿន។ បទចម្រៀងនោះ ជាបទសោកសង្រេង ដែលរៀបរាប់អំពីស្នេហាដែលបានបាត់បង់ទៅ។ ក្រោយមក លោកម៉ៃបានមានប្រសាសន៍ថា “ការបាត់បង់ស្នេហា គឺនាំឲ្យមានការឈឺចាប់ណាស់។ ទំនាក់ទំនងនោះមានចំណុចល្អតែនៅពេលដំបូង ដែលអ្នកទាំងពីរបានទទួលសេចក្តីស្រឡាញ់ពីគ្នា”។ ពួកគេក៏បានដាក់ចំណងជើងឲ្យបទចម្រៀងនេះថា “កម្តៅព្រះអាទិត្យ”។ តាំងពីសម័យបុរាណមក ទុក្ខព្រួយបានធើ្វជាកត្តាដែលនាំឲ្យអ្នកនិពន្ធតែងបទចម្រៀងកំសត់ៗ។ ស្តេចដាវីឌបាននិពន្ធទំនុកដំកើងជាច្រើនបទ ដែលក្នុងចំណោមនោះ ទ្រង់បានតែងទំនុកដំកើងមួយចំនួន នៅពេលដែលទ្រង់មានការបាត់បង់ដ៏ឈឺចាប់។ បទទំនុកដំកើង ជំពូក៦ មិនបានប្រាប់យើង អំពីហេតុការណ៍ដែលបានបណ្តាលចិត្តទ្រង់ ឲ្យតែងទំនុកមួយនេះទេ តែបាននិយាយអំពីទុក្ខសោកជាច្រើន។ គឺដូចដែលទ្រង់បានរៀបរាប់ថា “ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ”(ខ.៦-៧)។ តែទំនុកមួយនេះ មិនទាន់ចប់តែត្រឹមប៉ុណ្ណេះទេ។ ស្តេចដាវីឌស្គាល់ការឈឺចាប់ និងការបាត់បង់ តែទ្រង់ក៏ស្គាល់ការកម្សាន្តចិត្តរបស់ព្រះផងដែរ។ បានជាទ្រង់ពោលថា ព្រះអម្ចាស់បានស្តាប់ពាក្យដែលទ្រង់ទូលអង្វរហើយ ព្រះអម្ចាស់នឹងទទួលពាក្យដែលទ្រង់អធិស្ឋានផង(ខ.៩)។ ពេលមានទុក្ខសោក ស្តេចដាវីឌមិនគ្រាន់តែបានតែងទំនុកដំកើងប៉ុណ្ណោះទេ តែថែមទាំងរកឃើញមូលហេតុ ដែលទ្រង់ត្រូវទុកចិត្តព្រះ ដែលមានព្រះទ័យស្មោះត្រង់ គ្រប់ពេលវេលា។ ក្នុងភាពកក់ក្តៅនៃព្រះវត្តមានព្រះអង្គ ទុក្ខព្រួយរបស់យើង អាចប្រែក្លាយជាក្តីអំណរ និងក្តីសង្ឃឹម។-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ។-ខ.៦