
ច្រៀងសរសើរទាំងអស់គ្នា
ដោយDennis Fisher
October 25, 2016
ភរិយាខ្ញុំមានព្យាណូមួយគ្រឿង ដែលពិបាកប្រគុំជាមួយនឹងចាប៉ីបង់ហ្សូរបស់ខ្ញុំ យូរៗម្តង អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក បន្ទាប់ពីនាងបានទិញហ្គីតាថ្មីមួយគ្រឿង ជាអំណោយថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ នាងក៏បង្ហាញចំណាប់អារម្មណ៍ នៅក្នុងការរៀនលេងហ្គីតាចាស់របស់ខ្ញុំ។ នាងពិតជាតន្ត្រីករដ៏មានសមត្ថភាពមែន ហើយមិនយូរប៉ុន្មាន យើងក៏បានច្រៀងចម្រៀងសរសើរដំកើងព្រះ ដោយលេងហ្គីតារបស់យើងយ៉ាងពិរោះ។ ខ្ញុំចូលចិត្តគិតថា ផ្ទះរបស់យើងមាន “ការសរសើរដំកើង ដោយចិត្តផ្សាភ្ជាប់គ្នា” ដែលមិនធ្លាប់មានពីមុនមក។ ពេលដែលអ្នកនិពន្ធទំនុកដំកើង បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធអំពីការថ្វាយបង្គំព្រះ គាត់បានចាប់ផ្តើមសរសេរ ដោយការសរសើរដំកើងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកដំកើង ៩៨:៤)។ គាត់បានអំពាវនាវ ឲ្យយើង “ច្រៀងសរសើរដំកើងព្រះអម្ចាស់” ដោយឧបករណ៍តន្រ្តី ដែលមានដូចជា ស៊ុង ត្រែ និងស្នែងជាដើម(ខ.៥-៦)។ គាត់បានបង្គាប់ដល់ផែនដីទាំងមូលឲ្យ “ឡើងសំឡេងដោយអំណរ ថ្វាយព្រះអម្ចាស់”(ខ.៤)។ នៅក្នុងការប្រគុំតន្រ្តីសរសើរដំកើងដ៏មានអំណាច សមុទ្រនឹងស្រែកគ្រហឹមឡើងជាពាក្យសរសើរ ហើយទន្លេទះដៃបន្ទរ ហើយភ្នំក៏ស្រែកច្រៀង ដោយអំណរ។ មនុស្សជាតិ និងស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ រួមគ្នាសរសើរដំកើងព្រះអម្ចាស់ ដោយច្រៀង “បទថ្មី ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។ នៅថ្ងៃនេះ ចូរឲ្យចិត្តរបស់អ្នកតភ្ជាប់ជាមួយអ្នកដទៃ និងស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ដើម្បីសរសើរដំកើង ដល់ព្រះអាទិករដ៏មានគ្រប់ចេស្តា និងព្រះដ៏ប្រោសលោះ។-Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ។-ខ.៤