
តើអ្នកអាចជួយបានទេ?
ដោយDave Branon
November 19, 2016
អ្នកធ្វើការផ្នែករដ្ឋបាល នៅវិទ្យាល័យ ក្នុងក្រុងបារ៉ូ រដ្ឋអាឡាស្កា មានចិត្តនឿយណាយ ពេលដែល៥០ភាគរយនៃសិស្ស ដែលរៀននៅវិទ្យាល័យនេះ ចេះតែមានរឿង ហើយក៏ឈប់ទៅរៀន។ ដើម្បីធ្វើឲ្យសិស្សមានចំណាប់អារម្មណ៍ចំពោះការសិក្សា ពួកគេក៏បានបង្កើតក្រុមបាល់ទាត់មួយ ដែលផ្តល់ឲ្យពួកគេ នូវឱកាសអភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ការធ្វើការជាក្រុម និងរៀនសូត្រមេរៀនជីវិត។ ប៉ុន្តែ កីឡាបាល់ទាត់នៅក្រុងបារ៉ូ មានការពិបាក ដោយសារអាកាសធាតុនៅទីនោះ ត្រជាក់ពេក មិនអំណោយផលដល់ការដំាស្មៅ សម្រាប់ធ្វើជាទីលានប្រកួត។ ដូចនេះ ពួកគេក៏បានប្រកួតគ្នា នៅលើទីលានប្រកួតដែលក្រាលដោយដី និងថ្មតូចៗ។ នៅចម្ងាយជាង៦ពាន់គីឡូម៉ែត្រ ពីរដ្ឋអាឡាស្កា មានស្រ្តីម្នាក់ ឈ្មោះ ខាធី ផាឃើរ(Cathy Parker) នៅរដ្ឋផ្លូរីដា បានដឹងថា ក្រុមបាល់ទាត់នោះ កំពុងប្រកួតនៅលើទីលានដ៏គ្រោះថ្នាក់។ គាត់ជឿថា ព្រះបានប៉ះពាល់ចិត្តគាត់ ឲ្យជួយដល់ក្មេងៗទាំងនោះ ហើយគាត់ក៏មានការស្ងើចសរសើរ ចំពោះសិស្សទាំងនោះ ដែលមានការកែប្រែជាវិជ្ជមាន។ គាត់ក៏បានជួយរកដំណោះស្រាយឲ្យពួកគេ។ ប្រហែល១ឆ្នាំក្រោយមក គាត់ក៏បានជួយឲ្យពួកគេមានទីលានប្រកួតថ្មី ដែលគេបានសម្ភោតឲ្យប្រើប្រាស់ ដោយមានស្មៅសិប្បនិម្មិតសម្រាប់ឲ្យពួកគេប្រកួត ដោយក្តីរីករាយ។ គាត់បានរៃអង្គាសប្រាក់បានរាប់ពាន់ដុល្លា ដើម្បីជួយក្មេងៗទាំងនោះ ដែលគាត់មិនទាំងដែលបានជួបពីមុនមកផង។ ធ្វើដែលគាត់បានធ្វើនេះ មិនមែនដើម្បីកីឡាបាល់ទាត់ ឬដើម្បីលុយឡើយ តែដោយសារគាត់បាននឹកចាំថា គាត់ “ត្រូវធ្វើការល្អ និងចែកចាយ”(ហេព្រើ ១៣:១៦)។ សាវ័កយ៉ាកុបបានរំឭកយើងថា យើងត្រូវបង្ហាញចេញនូវសេចក្តីជំនឿរបស់យើង តាមរយៈការប្រព្រឹត្ត(២:១៨)។ យើងមានតម្រូវការផ្ទាល់ខ្លួន ក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែ ពេលដែលយើងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង តាមព្រះបន្ទូលព្រះយេស៊ូវ(ម៉ាកុស ១២:៣១) នោះយើងឈោងចាប់អ្នកដទៃ ដោយសេចក្តីស្រឡាញ់របស់ព្រះ។-Dave Branon
បទគម្ពីរប្រចាំថ្ងៃ
ឯសេចក្តីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង។-ខ.១៧