
ល្អជាងមុន
ដោយJennifer Benson Schuldt
December 6, 2016
កាលកូនៗរបស់ខ្ញុំ នៅជាទារក ស្បែករបស់ពួកគេស្ទើរតែល្អឥតខ្ចោះ។ សាច់របស់ពួកគេទន់ ដោយកែងដៃពួកគេមិនទាន់មានស្បែកក្រិន ហើយកែងជើងក៏មិនទាន់ប្រេះបែកដែរ។ ស្បែកពួកគេខ្ចី ហើយរលោង ខុសពីស្បែកខ្ញុំ ដែលមានស្នាមសម្លាកច្រើន ដោយសារមិនបានថែទាំឲ្យបានដិតដល់។ ក្នុងនាមជាអ្នកប្រយុទ្ធ និងមេទ័ពដ៏ខ្លាំងក្លានៃកងទ័ពស៊ីរី លោកណាម៉ានមានស្នាមឆ្កូត និងសម្លាកជាច្រើននៅលើស្បែក ដោយសារការធ្វើសឹកសង្រ្គាម ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ថែមទាំងមានជម្ងឺឃ្លង់ ដែលជាជម្ងឺសើរស្បើកដ៏ធ្ងន់ធ្ងរ។ ពេលដែលអ្នកបម្រើគាត់ជម្រាប់គាត់ថា លោកហោរាអេលីសេអាចជួយឲ្យគាត់ជាពីជម្ងឺបាន គាត់ក៏បានទៅជួបលោកហោរា។ គាត់ក៏បានធ្វើតាមការណែនាំរបស់លោកអេលីសេ ហើយស្បែកដែលមានជម្ងឺរបស់គាត់ “ក៏បានដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង”(២ពង្សាវតាក្សត្រ ៥:១៤)។ ការជាសះស្បើយនេះ បានជួយឲ្យរូបកាយ និងវិញ្ញាណគាត់មានភាពល្អប្រសើរឡើង។ បន្ទាប់ពីបានទទួលការប្រោសឲ្យជា គាត់ក៏បានប្រកាស់ថា “មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។ តាមរយៈបទពិសោធន៍នៃការអស្ចារ្យនេះ គាត់ក៏បានដឹងថា ព្រះពិតគឺមានតែមួយ(១កូរិនថូស ៨:៦)។ យើងក៏អាចស្គាល់ព្រះកាន់តែច្បាស់ តាមរយៈបទពិសោធន៍នៃជីវិតរបស់យើង ដូចលោកណាម៉ានផងដែរ។ ការទទួលព្រះពរអាចបង្ហាញឲ្យយើងស្គាល់សេចក្តីមេត្តាករុណា និងសេចក្តីល្អរបស់ព្រះអង្គ(ម៉ាថាយ ៧:១១)។ ការឆ្លងផុត ឬទ្រាំអត់នៅក្នុងទុក្ខលំបាក អាចជួយឲ្យយើងស្គាល់ជំនួយ និងការមើលថែររបស់ព្រះ។ ការស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយមានការលូតលាស់(២ពេត្រុស ៣:១៨) តែងតែជួយឲ្យយើងមានការលូតលាស់ខាងវិញ្ញាណ កាន់តែប្រសើរឡើងជានិច្ច។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង ហើយលោកបានជាស្អាត។-ខ.១៤