
សត្វពស់ក្នុងទូកញ្ចក់
ដោយJennifer Benson Schuldt
December 11, 2016
មានពេលមួយ ខ្ញុំបានទៅលេងសួនសត្វជាមួយមិត្តភ័ក្តិរបស់ខ្ញុំ។ ខ្ញុំបានឃើញកូនស្រីរបស់គាត់ដែលចេះដើរតេសតាស មានមុខក្រហមព្រឿងៗ បានប៉ះជញ្ជាំងរបស់ទូកញ្ចក់ដ៏ធំ ដែលនៅខាងក្នុងនោះ មានសត្វពោះថ្លាន់មួយប្រភេទ ឈ្មោះប៊ីលី។ សត្វពោះក៏បានវាយឺតៗ ដោយភ្នែកសម្លឹងមករកកូនស្រីដ៏តូចច្រឡឹងរបស់គាត់។ សត្វពោះនោះធំប៉ុនកំភួនដៃខ្ញុំ ហើយមានសម្បុរអុចៗពណ៌ត្នោត លាយនឹងក្រឡាពណ៌លឿង។ ទោះបីជាខ្ញុំដឹងថា សត្វពស់នោះមិនអាចចេញមកខាងក្រៅទូកញ្ចក់នោះរួចក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍ភ័យញ័រខ្លួន ពេលដែលបានឃើញសត្វពស់ដ៏គួរឲ្យខ្លាច ចូលមកក្បែរក្មេងតូចយ៉ាងនេះ។ ព្រះគម្ពីរបានចែងថា មានពេលមួយ សត្វសាហាវនឹងប្រែក្លាយជាស្លូតអស់ បានជាសត្វដទៃទៀត និងមនុស្សទាំងឡាយនឹងលែងខ្លាចពួកវាទៀត។ គឺដូចដែលមានសេចក្តីចែងថា “នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម … ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន”(អេសាយ ១១:៦,៨)។ បានសេចក្តីថា មនុស្សទំាងអស់នៅលើផែនដីថ្មី នឹងរស់នៅដោយសុខដម និងដោយសន្តិភាព។ ព្រះអម្ចាស់នឹងបង្កើតផែនដីថ្មីដ៏សុខសាន្ត ដោយប្រាជ្ញា អំណាចចេស្តា និងប្រាជ្ញារបស់ព្រះអង្គ។ នៅពេលនោះ ព្រះអង្គនឹងជំនុំជម្រះលោកិយ ដោយសុចរិត និងយុត្តិធម៌(១១:៤)។ ហើយមនុស្សម្នាក់ៗនឹងទទួលស្គាល់ភាពធំឧត្តម្ភរបស់ព្រះអង្គ គឺដូចដែលមានសេចក្តីចែងថា “គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី”(១១:៩)។ យើងកំពុងរស់នៅក្នុងពិភពលោកដែលបែកបាក់។ ភាពអយុត្តិធម៌ ការមិនចុះសម្រុងគ្នា ការភ័យខ្លាច និងការឈឺចាប់ គឺជាផ្នែកមួយនៃជីវិតរបស់យើង ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ថ្ងៃមួយ ព្រះអង្គនឹងកែប្រែអ្វីៗទាំងអស់ ហើយ “ព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប”(ម៉ាឡាគី ៤:២)។ បន្ទាប់មក ព្រះយេស៊ូវនឹងគ្រប់គ្រងលោកិយ ដោយសេចក្តីសុចរិត។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី។-ខ.៩