
ការមើលឃើញដ៏អស្ចារ្យ
ដោយBill Crowder
January 18, 2017
នៅក្នុងគេហទំព័រចំណេះដឹងវិទ្យាសាស្រ្ត livescience.com មានអត្ថបទមួយ ដែលធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គេសរសេរថា “បើអ្នកឈរនៅលើកំពូលភ្នំ ពេលយប់ងងឹត មើលទៅឲ្យឆ្ងាយខុសពីធម្មតា អ្នកអាចមើលឃើញពន្លឺភ្លើង ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ។ នៅពេលយប់ងងឹត អ្នកថែមទាំងអាចមើលឃើញពន្លឺភ្លើងទៀនមួយដើម កំពុងបញ្ចេញពន្លឺភ្លឹបភ្លែតៗ នៅចម្ងាយ៤៨គីឡូម៉ែត្រ”។ អ្នកមិនចាំបាច់ប្រើកែវយឺត ឬឧបករណ៍សម្រាប់មើលពេលយប់ឡើយ ព្រោះភ្នែកមនុស្សត្រូវបានព្រះរចនាមកយ៉ាងពិសេស សម្រាប់ឲ្យអាចមើលឃើញពន្លឺ នៅកន្លែងឆ្ងាយៗបានច្បាស់ ពេលយប់ងងឹត។ ការនេះបានរំឭកយើង អំពីព្រះអាទិករដ៏អស្ចារ្យរបស់យើង ដែលមិនគ្រាន់តែបានរចនាភ្នែកមនុស្សមកប៉ុណ្ណោះទេ តែថែមទាំងបានរចនាភាពលម្អិតគ្រប់យ៉ាង ដែលផ្សំគ្នាមកបង្កើតជាចក្រវាលដ៏ធំគ្មានព្រំដែន។ ហើយព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់ គឺពិសេសជាងស្នាព្រះហស្តផ្សេងទៀត(លោកុប្បត្តិ ១:២៦)។ ការដែលយើងមានរូបភាពដូចទ្រង់ គឺមានន័យថា យើងមិនគ្រាន់តែអាចមានសមត្ថភាពមើលឃើញប៉ុណ្ណោះទេ តែថែមទាំងអាចមានទំនាក់ទំនងជាមួយទ្រង់ទៀតផង។ យើងអាចប្រកាសឡើង តាមស្តេចដាវីឌថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ”(ទំនុកដំកើង ១៣៩:១៤)។ ព្រះទ្រង់មិនគ្រាន់តែបានប្រទានភ្នែក សម្រាប់ឲ្យយើងមើលប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានបង្កើតយើងមក ដើម្បីឲ្យយើងបានឃើញព្រះគ្រីស្ទ នៅថ្ងៃណាមួយ!-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ។-ខ.១៤