
ព្រះហស្តព្រះ
ដោយDennis Fisher
January 27, 2017
មានពេលមួយអង្គការណាសា ចាប់ផ្តើមប្រើកែវយឺតយក្សប្រភេទថ្មី ដែលអាចចាប់បាច់ពន្លឺខុសៗគ្នា ដើម្បីថតរូបភាពក្នុងទីអវកាសកាន់តែច្បាស់ជាងមុន។ ពេលនោះអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើល ចំពោះរូបថតមួយ ក្នុងចំណោមរូបថតជាច្រើនដែលកែវយឺតនោះថតបាន។ ក្នុងរូបថតនោះ គេឃើញរូបភាពដែលមើលទៅដូចម្រាមដៃ មេដៃ និងបាតដៃដែលបើកចំហរបាញ់ចេញជាបាច់ពន្លឺពណ៌ខៀវ ស្វាយ បៃតង និងពណ៌មាស។ អ្នកខ្លះបានហៅរូបភាពនោះថា “ព្រះហស្តរបស់ព្រះ”។ ព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីការដែលព្រះលាព្រះហស្តទ្រង់ ចុះមករកមនុស្សដែលត្រូវការជំនួយ ដែលនោះជាខ្លឹមសារដ៏សំខាន់របស់ព្រះគម្ពីរ។ គម្ពីរទំនុកដំកើង ជំពូក៦៣ បានចែងថា “ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”(ខ.៧-៨)។ ត្រង់ចំណុចនេះ អ្នកនិពន្ធទំនុកដំកើងយល់ថា ជំនួយរបស់ព្រះអម្ចាស់ គឺប្រៀបបាននឹងព្រះហស្តដែលជួយទ្រទ្រង់គាត់។ គ្រូបង្រៀនព្រះគម្ពីរខ្លះយល់ថា ស្តេចដាវីឌបាននិពន្ធទំនុកមួយនេះ ក្នុងវាលរហោស្ថាន នៃនគរយូដា ក្នុងអំឡុងពេលដែលអាប់សាឡំម ព្រះបុត្រាទ្រង់បះបោរទាស់នឹងទ្រង់។ អាប់សាឡំមបានឃុបឃិតនឹងពួកមន្ត្រី ដើម្បីដណ្តើមរាជ្យស្តេចដាវីឌ ហើយដាវីឌក៏បានរត់គេចខ្លួន ទៅវាលរហោស្ថាន(២សាំយ៉ូអែល ១៥-១៦)។ សូម្បីតែក្នុងអំឡុងពេលដ៏ពិបាកនេះ ព្រះទ្រង់នៅតែគង់នៅជាមួយស្តេចដាវីឌ ហើយស្តេចដាវីឌក៏បានទុកចិត្តព្រះអម្ចាស់។ ស្តេចដាវីឌមានបន្ទូលថា “ដ្បិតសេចក្តីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់”(ទំនុកដំកើង ៦៣:៣)។ ជីវិតយើងអាចមានការឈឺចាប់ នៅពេលខ្លះ តែព្រះទ្រង់ប្រទានព្រះហស្តនៃការកម្សាន្តចិត្ត ដល់យើងក្នុងពេលដ៏ពិបាកនោះ។ ដូចនេះ ទ្រង់មិនដែលនៅឆ្ងាយ ដែលយើងឈោងមិនដល់នោះឡើយ។-Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ។-ខ.៨