
ដើម្បីសុខភាពរបស់យើង
ដោយJennifer Benson Schuldt
February 2, 2017
នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យឌូក មានអ្នកស្រាវជ្រាវដ៏ល្បីល្បាញម្នាក់ បានមានប្រសាសន៍ថា “បើសិនជាការដឹងគុណព្រះ គឺជាថ្នាំពេទ្យ នោះការដឹងគុណព្រះ នឹងបានធ្វើជាថ្នាំពេទ្យដែលគេស្វែងរកខ្លាំងបំផុត ដែលមានប្រយោជន៍ចំពោះសុខភាព របស់សិរីរាង្គសំខាន់ៗក្នុងរាង្គកាយ”។ អ្នកខ្លះបានឲ្យនិយមន័យថា ការដឹងគុណគ្រាន់តែជាការរស់នៅ ដោយចិត្តដែលដឹងគុណ ដោយចំណាយពេលទទួលស្គាល់ និងផ្តោតទៅលើរបស់អ្វី ដែលខ្លួនមាន ជាជាងផ្តោតទៅលើអ្វីដែលខ្លួនប្រាថ្នាចង់បាន តែមិនទាន់បានដូចបំណង។ ប៉ុន្តែ ព្រះគម្ពីរបានឲ្យនិយមន័យដែលស៊ីជម្រៅជាងនេះ សម្រាប់ពាក្យ “ការដឹងគុណព្រះ”។ ពេលយើងអរព្រះគុណព្រះ យើងទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកប្រទាននូវព្រះពរគ្រប់យ៉ាង(យ៉ាកុប ១:១៧)។ ស្តេចដាវីឌដឹងថា ព្រះទ្រង់បានមើលការខុសត្រូវ ចំពោះការនាំហឹបនៃសេចក្តីសញ្ញាចូលទីក្រុងយេរូសាឡិម(១របាក្សត្រ ១៥:២៦)។ ដូចនេះហើយ ទ្រង់ក៏បានតែងបទចម្រៀងមួយបទ ដែលនិយាយអំពីការដឹងគុណព្រះ ដោយផ្តោតទៅលើព្រះអម្ចាស់ ជាជាងបង្ហាញនូវចិត្តដែលអរសប្បាយ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង។ ទំនុកនោះបានចាប់ផ្តើមដោយពាក្យថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍”(១៦:៨)។ ទំនុករបស់ស្តេចដាវីឌក៏បានបន្តបង្ហាញក្តីអំណរ ចំពោះភាពធំឧត្តម្ភរបស់ព្រះ ដោយសង្កត់ធ្ងន់ទៅលើសេចក្តីសង្រ្គោះ អំណាចចេស្តា និងសេចក្តីមេត្តារបស់ព្រះ(ខ.២៥-៣៦)។ សព្វថ្ងៃនេះ យើងអាចមានចិត្តកត្តុញូដ៏ពិត ចំពោះព្រះ ដោយថ្វាយបង្គំព្រះដែលប្រទានអំណោយដល់យើង ជាជាងថ្វាយបង្គំអំណោយដែលយើងចូលចិត្ត។ ការផ្តោតទៅលើការល្អ ដែលមានក្នុងជីវិតយើង អាចមានប្រយោជន៍ចំពោះរូបកាយយើង តែការថ្វាយការអរព្រះគុណដល់ព្រះ មានប្រយោជន៍ចំពោះវិញ្ញាណរបស់យើងជាទីបំផុត។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ។-ខ.៨