
សេចក្តីស្រឡាញ់អស់ពីចិត្ត
ដោយJulie Ackerman Link
February 13, 2017
ក្នុងសៀវភៅ ដែលមានចំណងជើងថា ទ្រឹស្តីជាទូទៅអំពីសេចក្តីស្រឡាញ់ អ្នកនិពន្ធបានសរសេរថា “ពេលដែលគំនិត និងអារម្មណ៍ប៉ះទង្គិចគ្នា ចិត្តរបស់មនុស្សច្រើនតែមានប្រាជ្ញាកាន់តែខ្លាំង”។ កាលពីដើម គេជឿថា មនុស្សគួរតែឲ្យគំនិតគ្រប់គ្រងចិត្តរបស់ខ្លួន ប៉ុន្តែ សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្សគួរតែឲ្យចិត្តគ្រប់គ្រងគំនិតរបស់ខ្លួន។ ម្យ៉ាងទៀត គេថា “មនុស្សដែលយើងស្រឡាញ់ អាចនាំឲ្យអត្តចរិត និងការគិតរបស់យើងមានការប្រែប្រួល”។ អ្នកដែលយល់ព្រះគម្ពីរច្រើន ប្រហែលជាអាចដឹងថា ព្រះគម្ពីរបានចែងអំពីបញ្ហានេះ តាំងពីយូរណាស់មកហើយ។ វាមិនមែនជាអ្វីដែលគេទើបតែរកឃើញនោះឡើយ។ ជាក់ស្តែង ក្រឹត្យវិន័យសំខាន់បំផុត ដែលព្រះប្រទានដល់រាស្រ្តរបស់ទ្រង់ ក៏បានប្រាប់យើងថា ចិត្តរបស់មនុស្សម្នាក់ៗមានភាពសំខាន់ជាងគំនិតរបស់ខ្លួន។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង”(ចោទិយកថា ៦:៥)។ នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវក៏បានបង្គាប់យើង ឲ្យស្រឡញ់ព្រះ “អស់ពីគំនិត” ថែមទៀត ដូចដែលមានចែងក្នុងកណ្ឌដំណឹងល្អម៉ាកុស និងលូកា(ម៉ាកុស ១២:៣០ លូកា ១០:២៧)។ ការអ្វីដែលអ្នកវិទ្យាសាស្រ្តទើបតែរកឃើញ គ្រាន់តែជាអ្វីដែលព្រះគម្ពីរបានបង្រៀនតាំងពីយូរណាស់មកហើយ។ អ្នកដែលដើរតាមព្រះគ្រីស្ទ ក៏បានដឹងផងដែរថា ព្រះដែលយើងស្រឡាញ់ ទ្រង់មានសារៈសំខាន់យ៉ាងណាចំពោះយើង។ ពេលដែលយើងស្តាប់បង្គាប់តាមក្រឹត្យវិន័យ ដែលសំខាន់បំផុត ដោយស្រឡាញ់ព្រះជាទីមួយ នោះយើងប្រាកដជានឹងបានរស់នៅ ដោយមានគោលបំណងច្បាស់លាស់ ដែលល្អលើសពីក្តីស្រមៃ ឬលើសពីសមត្ថភាពដែលយើងអាចរកបានផង។ ពេលដែលយើងមានចិត្តស្រឡាញ់ព្រះលើសពីអ្វីៗទាំងអស់ ចិត្តរបស់យើងនឹងផ្តោតទៅលើការបម្រើ និងការបំពេញព្រះទ័យទ្រង់ ពោលគឺយើងចង់ធ្វើអ្វីៗ ដើម្បីនគររបស់ទ្រង់។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង។-ចោទិយកថា ៦:៥