
ការសង់ស្ពាន
ដោយBill Crowder
February 16, 2017
រឿង “បុណ្យខួបគំរប់មួយរយឆ្នាំ” ដែលលោកចេមស៍ មីឆិនន័រ(James Micheners)បាននិពន្ធ ជារឿងប្រឌិត ដែលនិយាយអំពីប្រវត្តិសាស្ត្រ និងការតាំងទីលំនៅរបស់ជនជាតិអាមេរិក នៅតំបន់ខាងលិចនៃសហរដ្ឋអាមេរិក នៅសម័យមុន។ លោកមីឆិនន័រ បានស្តាប់រឿងរបស់លោកប៉ាសគីនែល(Pasquinel) ជាអ្នកជំនួញជនជាតិកាណាដា ដើមកំណើតបារាំង ដែលបានឃើញព្រឹត្តិការណ៍ផ្សេងៗផ្ទាល់ភ្នែក ហើយលោកមីឆិនន័រក៏បាននិពន្ធរឿងប្រឌិតមួយនេះឡើង ដោយផ្សាភ្ជាប់សាច់រឿងអារ៉ាប៉ាហូ នៃតំបន់មហាវាលទំនាបនៅអាមេរិក ជាមួយនឹងសហគមន៍សង់ លូអ៊ីសរបស់ជនជាតិអឺរ៉ុប។ គាត់ក៏បានធ្វើជាស្ពាន ដែលភ្ជាប់ទំនាក់ទំនងរវាងពិភពនៃអ្នករស់នៅទីក្រុង ដែលកំពុងមានការដុះដាល ជាមួយនឹងពិភពនៃអ្នកដែលកំពុងរស់នៅ ក្នុងវាលទំនាប។ អ្នកដើរតាមព្រះគ្រីស្ទក៏មានឱកាសតភ្ជាប់ពិភពពីរខុសគ្នា គឺពិភពនៃអ្នកដែលស្គាល់ និងដើរតាមព្រះយេស៊ូវ និងពិភពនៃអ្នកដែលមិនស្គាល់ទ្រង់។ ជាក់ស្តែងពួកជំនុំដំបូង នៅក្រុងថែស្សាឡូនិចបានសង់ស្ពានតភ្ជាប់ ពិភពនៃអ្នកជឿព្រះ ជាមួយនឹងពិភពនៃអ្នកមិនជឿព្រះដែលមានវប្បធម៌ថ្វាយបង្គំរូបព្រះ បានជាសាវ័កប៉ុលមានប្រសាសន៍ទៅកាន់ពួកគេថា “ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ”(១ថែស្សាឡូនិច ១:៨)។ ពួកគេបានសង់ស្ពាន ដោយប្រើគ្រឿងផ្សំពីរយ៉ាង គឺ “ព្រះបន្ទូលព្រះអម្ចាស់” និងគំរូនៃសេចក្តីជំនឿរបស់ពួកគេ។ គេគ្រប់គ្នាបានដឹងថា ពួកគេបានងាកចេញពីការថ្វាយបង្គំរូបព្រះ ហើយបែរទៅរកព្រះវិញ ដើម្បីបម្រើព្រះដ៏ពិត ដែលមានព្រះជន្មរស់(ខ.៩)។ ពេលដែលយើងនាំមនុស្សនៅក្បែរយើងឲ្យស្គាល់ព្រះ តាមរយៈព្រះបន្ទូល និងទីបន្ទាល់នៃជីវិតយើង នោះគឺមានន័យថា យើងបានសង់ស្ពានតភ្ជាប់ជាមួយនឹងអ្នកដែលមិនទាន់ស្គាល់សេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ។-Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ។-ខ.៨