ព្រឹក

គ្រាន់តែទុកចិត្តប៉ុណ្ណោះ
ដោយJoe Stowell
March 24, 2017
នៅសហរដ្ឋអាមេរិក ការនាំកូនទៅជួបគ្រូពេទ្យ អាចជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍។ ក្នុងបន្ទប់រង់ចាំ មានរបស់របរក្មេងលេងជាច្រើន ដែលកូនរបស់ខ្ញុំអាចលេង ហើយក៏មានទស្សនាវដ្តីកុមារ សម្រាប់ឲ្យខ្ញុំអានឲ្យពួកគេស្តាប់ផងដែរ។ ដូចនេះ យើងធ្វើដំណើរទៅជួបពេទ្យ ដែលនៅឆ្ងាយពីផ្ទះបន្តិច ក៏មិនអីដែរ។ ប៉ុន្តែ ពេលដែលខ្ញុំនាំពួកគេចូលទៅជួបពេទ្យ តាមការណាត់ជួប អ្វីៗមានការផ្លាស់ប្តូរភ្លាម។ មិនយូរប៉ុន្មាន ការសប្បាយក៏បានប្រែក្លាយជាការភ័យខ្លាច ពេលដែលគ្រូពេទ្យចូលមករកពួកគេ ដោយមានកាន់ម្ជុល និងសឺរាំង សម្រាប់ចាក់ថ្នាំ។ ពេទ្យចូលមកកាន់តែជិត ពួកគេឱបករខ្ញុំកាន់តែខ្លាំង។ ពួកគេតោងខ្ញុំជាប់ដូចនេះ ដើម្បីទទួលការកម្សាន្តចិត្ត ប្រហែលជាសង្ឃឹមថា ខ្ញុំនឹងជួយពួកគេ តែមិនដឹងថា ការចាក់ថ្នាំនោះ គឺជាការជួយពួកគេទេ។ ជួនកាល ក្នុងលោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប មនុស្សជាតិបានចាកចេញ ពីកន្លែងដែលមានសន្តិភាព និងភាពស្ងប់ស្ងាត់ចូលទៅក្នុងពិភពនៃបញ្ហាដ៏ឈឺចាប់។ ត្រង់ចំណុចនេះ យើងសួរថា “តើខ្ញុំត្រូវឆ្លើយតប ចំពោះបញ្ហាដោយរបៀបណា?” យើងប្រហែលជាមានការភ័យខ្លាច ហើយឆ្ងល់ថា ហេតុអ្វីព្រះទ្រង់បានអនុញ្ញាតឲ្យការនេះកើតឡើង ចំពោះយើង ពុំនោះទេ យើងអាចទុកចិត្តថា ក្នុងពេលដែលយើងមានបញ្ហា ទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើង នៅចុងបញ្ចប់ ទោះយើងមានការឈឺចាប់ក៏ដោយ។ ដើម្បីជម្នះការភ័យខ្លាច ចូរយើងនឹកចាំ បទគម្ពីរទំនុកដំកើង ដែលបានចែងថា “វេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់”(ទំនុកដំកើង ៥៦:៣)។ ពេលយើងខ្លាចកាន់តែខ្លាំង នោះយើងគួរតែឱបកទ្រង់ឲ្យកាន់តែខ្លាំង ដូចជាកូនក្មេងដែលខ្លាចម្ជុលពេទ្យនោះដែរ។ ចូរទុកចិត្តទ្រង់។ ក្តីស្រឡាញ់របស់ទ្រង់មិនដែលនឹងខានជួយយើងឡើយ!-Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
តែវេលាណាដែលទូលបង្គំភ័យ នោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់។-ខ.៣
ល្ងាច

នាឡិការរបស់ព្រះ
ដោយM. Stroud
March 24, 2017
ខ្ញុំបានទៅសួរសុខទុក្ខស្រ្តីចំណាស់ពីរនាក់ យូរៗម្តង។ លោកយាយទីមួយមិនមានការព្រួយបារម្ភអំពីរឿងលុយកាក់ទេ ហើយគាត់កំពុងរស់នៅក្នុងផ្ទះខ្លួនឯង។ តែគាត់អាចនិយាយចេញនូវពាក្យសម្តីអវិជ្ជមាន មកកាន់ខ្ញុំជានិច្ច។ លោកយាយម្នាក់ទៀត មិនអាចទៅណារួច ដោយសារមានជម្ងឺសន្លាក់ធ្ងន់ធ្ងរ ហើយក៏ភ្លេចភ្លាំងខ្លាំងផង។ គាត់រស់នៅក្នុងកន្លែងស្នាក់នៅដ៏សាមញ្ញ ហើយគាត់មានក្រដាស់សម្រាប់សរសេរបិទលើជញ្ជាំង ដើម្បីកុំឲ្យគាត់ភ្លេចការណាត់ជួបជាមួយអ្នកដទៃ។ ប៉ុន្តែ ពេលណាមានគេមកលេងគាត់ គាត់តែងតែចាប់ផ្តើមនិយាយទៅកាន់គេ ដោយពាក្យថា ព្រះទ្រង់ល្អចំពោះគាត់ណាស់។ ខ្ញុំបានមើលក្រដាសកត់ត្រារបស់គាត់ ឃើញគាត់សរសេរ អំពីការមកសួរសុខទុក្ខរបស់ខ្ញុំថា “ថ្ងៃស្អែក ខ្ញុំនឹងបានចេញទៅញាំអាហារថ្ងៃត្រង់ហើយ! ពិតជាអស្ចារ្យណាស់! ខ្ញុំមានថ្ងៃដ៏សប្បាយរីករាយ មួយថ្ងៃទៀតហើយ”។ អ្នកស្រីអាណ ជាហោរាស្រីម្នាក់ ក្នុងសម័យដែលព្រះយេស៊ូវប្រសូត្រជាមនុស្ស ហើយគាត់កំពុងរស់នៅក្នុងស្ថានភាពដ៏ពិបាក(លូកា ២:៣៦-៣៧)។ គាត់ក្លាយជាស្រ្តីមេមាយ ក្នុងវ័យក្មេង ហើយប្រហែលមិនមានកូនទៀត ដូចនេះ គាត់ប្រហែលជាមានអារម្មណ៍ថា គ្មានគោលដៅ និងក្រតោកយ៉ាកណាស់។ ប៉ុន្តែ គាត់បានផ្តោតទៅលើព្រះ និងផ្តោតទៅលើការបម្រើទ្រង់។ គាត់បានទន្ទឹងរង់ចាំព្រះមែស៊ី តែទន្ទឹមនឹងនោះ គាត់ក៏ជាប់រវល់ធ្វើការបម្រើព្រះ ដោយអធិស្ឋាន តមអត់ និងបង្រៀនអ្នកដទៃ អំពីអ្វីដែលគាត់អាចរៀនពីទ្រង់។ ទីបំផុត ថ្ងៃនោះក៏បានមកដល់ ពេលដែលគាត់មានអាយុជាង៨០ឆ្នាំហើយ គាត់ក៏បានឃើញព្រះឱរស ដែលជាព្រះមែស៊ី នៅក្នុងដៃមាតាទ្រង់។ ការរង់ចាំរបស់គាត់ ដោយចិត្តអត់ធ្មត់ គឺមិនអត់ប្រយោជន៍ទេ។ ចិត្តគាត់ស្រែកច្រៀងដោយអំណរ ខណៈពេលដែលគាត់សរសើរដំកើងព្រះ ហើយក៏បានទៅប្រកាសដំណឹងនៃក្តីអំណរនេះ ឲ្យអ្នកដទៃបានដឹងដែរ។-Marion Stroud
បទគម្ពីរប្រចាំថ្ងៃ
គាត់បានឡើងមកនៅវេលានោះឯង ក៏អរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម។-ខ.៣៨