
តើអ្នកជានរណា?
ដោយDavid C. McCasland
April 9, 2017
ជួនកាល យើងឮគេថា មានអ្នកខ្លះមានការអាក់អន់ចិត្ត ដោយសារគេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួកគេក៏ស្រែកទាំងកំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយលើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែលទ្រង់ជិតដល់ពេលគេធ្វើគុតក៏ដោយ។ ព្រះយេស៊ូវបានយាងចូលទីក្រុងយេរូសាឡិម ដោយការស្វាគន៍យ៉ាងអ៊ូអរ ពីពួកបណ្តាជន ដែលស្រែកសរសើរទ្រង់(ម៉ាថាយ ២១:៧-៩)។ ពួកមនុស្សម្នានៅក្នុងទីក្រុងសួរថា “លោកនេះជាអ្នកណា?” គេក៏ឆ្លើយឡើងថា “នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ”(ខ.១០-១១)។ ទ្រង់មិនបានយាងមក ដើម្បីប្រកាសទាមទាអភ័យឯកសិទ្ធិពិសេសឡើយ តែទ្រង់បានយាងមក ដើម្បីលះបង់ព្រះជន្ម ដោយការស្តាប់បង្គាប់ តាមបំណងព្រះទ័យព្រះវរបិតា។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ និងការអ្វីដែលទ្រង់បានធ្វើ ពិតជាសមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រង់សុគត ដើម្បីលោះបាបយើង ដើម្បីឲ្យយើងបានរស់នៅ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់។ ទ្រង់សក្តិសមនឹងឲ្យយើងលះបង់ជីវិតថ្វាយទ្រង់ ហើយសក្តិសមនឹងឲ្យយើងផ្តោតចិត្តទៅលើទ្រង់។ តើយើងដឹងថា ទ្រង់ជានរណាហើយមែនទេ? –David McCasland
បទគម្ពីរប្រចាំថ្ងៃ
រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្តីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា “លោកនេះជាអ្នកណា?” -ខ.១០