ព្រឹក

ផ្លូវចូលទៅរកព្រះ
ដោយJoe Stowell
April 28, 2017
បច្ចេកវិទ្យាមានប្រយោជន៍ជាច្រើនរាប់មិនអស់ សម្រាប់មនុស្សសម័យថ្មី។ សម្រាប់អ្នកដែលមានអ៊ីនធឺណេតប្រើ ពួកគេអាចបើកមើលអ៊ីនធឺណេត ស្វែងរកពត៌មាន អំពីសុខភាពភ្លាមៗ ហើយពួកគេអាចទំនាក់ទំនងមិត្តភក្តិណាម្នាក់ភ្លាមៗ តាមរយៈទូរស័ព្ទ ផ្ញើសារ ឬតាមរយៈហ្វេសប៊ុកជាដើម។ តែពេលខ្លះ បច្ចេកវិទ្យាក៏អាចធ្វើឲ្យយើងមានការនឿយណាយផងដែរ។ កាលពីថ្ងៃមុន ពេលខ្ញុំចង់បើកមើលគណនីយធនាគារបស់ខ្ញុំ តាមអ៊ីនធឺណេត មានសំណួរសុវត្ថិភាពជាច្រើន ដែលខ្ញុំត្រូវឆ្លើយ មុននឹងគេអនុញ្ញាតឲ្យខ្ញុំចូលមើល។ ដោយសារខ្ញុំមិនចំាច្បាស់ អំពីចម្លើយទាំងអស់នោះ គេក៏បានបិទមិនឲ្យខ្ញុំចូលមើលគណនីយធនាគារបស់ខ្ញុំ នៅពេលនោះតែម្តង។ ម្យ៉ាងទៀត យើងអាចគិតអំពីការពិបាក នៅពេលដែលការទំនាក់ទំនងបានដាច់ ដោយសារទូរស័ព្ទអស់ថ្ម ហើយមិនអាចទំនាក់ទំនងឡើងវិញ ទាល់តែយើងរកឃើញឆ្នាំងសាកថ្មទូរស័ព្ទ។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ដោយដឹងថា ពេលខ្ញុំចូលទៅរកព្រះ ដោយការអធិស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភាពអ្វីឡើយ ហើយក៏មិនត្រូវការថ្មទូរស័ព្ទដែរ។ ខ្ញុំចូលចិត្តបទគម្ពីរយ៉ូហានខ្សែទីមួយ ដែលបានធានាយើងថា “យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម”(១យ៉ូហាន ៥:១៤)។ យើងអាចចូលទៅរកព្រះអម្ចាស់បានគ្រប់ពេល ដ្បិតទ្រង់មិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ(ទំនុកដំកើង ១២១:៤)។ ហើយសូមអរព្រះគុណទ្រង់ ដែលដោយសារសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង នោះទ្រង់តែងតែផ្ទៀងព្រះកាណ៍រង់ចាំស្តាប់យើងអធិស្ឋានជានិច្ច។-Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ។-ហេព្រើ ៤:១៦
ល្ងាច

ផ្លូវដ៏អាថ៌កំបាំង
ដោយJennifer Benson Schuldt
April 28, 2017
ពេលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនភាសាចិន ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញក្រដាសមេរៀនជាច្រើន ដែលគាត់យកមកផ្ទះ នៅថ្ងៃទីមួយ។ ក្នុងនាមជាអ្នកនិយាយភាសាអង់គ្លេសពីកំណើត ខ្ញុំពិបាកនឹងយល់ អំពីទំនាក់ទំនងរវាងតួអក្សរ និងពាក្យសម្រាប់និយាយ ក្នុងភាសាចិន។ ភាសានេះហាក់ដូចជាមានភាពស្មុគ្រស្មាញចំពោះខ្ញុំណាស់ ពោលគឺស្ទើរតែមិនអាចឲ្យខ្ញុំយល់បាន។ ជួនកាល ខ្ញុំមានអារម្មណ៍ថាពិបាកយល់ផងដែរ ពេលដែលខ្ញុំពិចារណា អំពីរបៀបដែលព្រះទ្រង់ធ្វើការ។ ខ្ញុំដឹងថា ទ្រង់បានមានបន្ទូលថា គំនិតទ្រង់មិនដូចគំនិតរបស់យើងរាល់គ្នាទេ ឯផ្លូវរបស់យើងរាល់គ្នាក៏មិនមែនជាផ្លូវរបស់ទ្រង់ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេលខ្លះ ខ្ញុំនៅតែចង់ដឹងថា ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យការនេះ ឬការនោះកើតឡើង។ ព្រះបន្ទូលដែលខ្ញុំបានអានជាទៀងទាត់ និងព្រះវិញ្ញាណរបស់ទ្រង់ ដែលគង់នៅក្នុងខ្ញុំ ក៏ជួយឲ្យខ្ញុំរកឃើញដំណោះស្រាយ។ កាលណាខ្ញុំមានសំណួរបែបនេះ ខ្ញុំត្រូវព្យាយាមបន្ទាបខ្លួនចុះ ដោយចាំថា លោកយ៉ូបក៏មិនបានទទួលចម្លើយ សម្រាប់សំណួរទាំងអស់ ដែលគាត់បានសួរដោយចិត្តឈឺចាប់នោះដែរ(យ៉ូប ១:៥,៨)។ គាត់បានព្យាយាមស្វែងយល់ តែព្រះទ្រង់ក៏បានសួរគាត់វិញថា “ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ”(៤០:២)។ លោកយ៉ូបក៏បានឆ្លើយ ទាំងចិត្តសោកស្តាយថា “តើនឹងឲ្យទូលបង្គំទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ”(ខ.៤)។ លោកយ៉ូបនិយាយអ្វីមិនចេញ នៅចំពោះភាពធំឧត្តម្ភរបស់ព្រះ។ ទោះបីជាពេលខ្លះ ផ្លូវរបស់ព្រះហាក់ដូចជាអាថ៌កំបាំង ហើយមិនអាចយល់បានក៏ដោយ ក៏យើងនៅតែអាចដឹងប្រាកដថា ផ្លូវរបស់ទ្រង់ខ្ពស់ជាងផ្លូវរបស់យើង។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ។-អេសាយ ៥៥:៩