ព្រឹក

អំណាចនៃការសរសើរដំកើង
ដោយJennifer Benson Schuldt
May 17, 2017
លោកវីលី មីរីក(Willie Myrick) ត្រូវគេចាប់ជំរិត នៅក្នុងផ្លូវខាងមុខផ្ទះគាត់ ពេលគាត់មានអាយុ៩ឆ្នាំ។ គាត់បានធ្វើដំណើរជាមួយពួកចាប់ជំរិត អស់ជាច្រើនម៉ោង ដោយមិនដឹងថា នឹងមានអ្វីកើតឡើងចំពោះខ្លួនទេ។ ក្នុងអំឡុងពេលនោះ វីលីក៏បានសម្រេចចិត្តច្រៀងសរសើរដំកើងព្រះ នូវបទដែលមានចំណងជើងថា “រាល់ការសរសើរដំកើង”។ ពេលដែលគាត់ច្រៀងបទចម្រៀងនោះម្តងហើយម្តងទៀត ពួកចាប់ជំរិតក៏បានជេរប្រទិចគាត់ ហើយប្រាប់គាត់ឲ្យបិទមាត់។ ទីបំផុត បុរសនោះ ក៏បានឈប់ឡាន ឲ្យវីលីចុះពីលើឡាន ដោយសុវត្ថិភាព។ ដូចដែលវីលីបានបង្ហាញ ការសរសើរដំកើងព្រះអម្ចាស់ ដែលពិតប្រាកដ គឺតម្រូវឲ្យយើងផ្តោតទៅលើចរិយាសម្បត្តិរបស់ព្រះ ហើយទន្ទឹមនឹងនោះ យើងត្រូវឈប់គិតពីអ្វីដែលយើងភ័យខ្លាច អ្វីដែលជាបញ្ហាក្នុងជីវិតយើង ហើយត្រូវមានការស្កប់ចិត្ត។ ជាក់ស្តែង ពួកអ៊ីស្រាអែលបានថ្វាយបញ្ហាគ្រប់យ៉ាងដល់ព្រះអម្ចាស់ ពេលដែលពួកគេត្រូវប្រឈមមុខនឹងពួកខ្មាំងសត្រូវ។ ពេលដែលពួកគេត្រៀមខ្លួនធ្វើសង្រ្គាម ស្តេចយ៉ូសាផាតក៏បានរៀបចំក្រុមចម្រៀង ឲ្យដើរហែរ ទៅរកសត្រូវដែលកំពុងលើកទ័ពមក។ ពួកគេបានច្រៀងសរសើរថា “ចូរសរសើរព្រះអម្ចាស់ ដ្បិតសេចក្តីមេត្តារបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច”(២របាក្សត្រ ២០:២១)។ ពេលពួកគេចាប់ផ្តើមច្រៀងសរសើរដំកើងព្រះ ពួកខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែលក៏មានការជ្រួលច្របល់ ហើយក៏បានកាប់សម្លាប់គ្នាឯង។ ដូចនេះ ពួកអ៊ីស្រាអែលក៏បានឈ្នះសង្រ្គាម ដោយមិនចាំបាច់ប្រយុទ្ធ(ខ.១៧)។ ទោះយើងកំពុងជួបសង្រ្គាម ឬមានអារម្មណ៍ទាល់ច្រកក៏ដោយ ក៏យើងនៅតែអាចថ្វាយសិរីល្អដល់ព្រះក្នុងចិត្តយើង។ ជាការពិតណាស់ “ព្រះយេហូវ៉ាទ្រង់ធំប្រសើរ ហើយក៏គួរឲ្យសរសើរណាស់”(ទំនុកដំកើង ៩៦:៤)។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្តីសប្បុរសទ្រង់នៅជាប់អស់កល្បជានិច្ច។-ខ.២១
ល្ងាច

ពាក្យសម្តីប្រកបដោយប្រាជ្ញា
ដោយDave Branon
May 17, 2017
តើសាច់ដុំអ្វី ដែលខ្លំាងជាងគេ ក្នុងរាង្គកាយមនុស្ស? អ្នកខ្លះឆ្លើយថា សាច់ដុំអណ្តាតខ្លាំងជាងគេ តែយើងពិបាកនឹងកំណត់ថា សាច់ដុំណា ដែលខ្លាំងជាងគេ ព្រោះសាច់ដុំនីមួយៗ មិនធ្វើការតែម្នាក់ឯងទេ។ ប៉ុន្តែ យើងអាចដឹងថា អណ្តាតជាសាច់ដុំដ៏ខ្លាំង។ វាជាសាច់ដុំដ៏តូចទេ តែអាចធ្វើឲ្យមានការខូចខាតជាច្រើន។ សរីរាង្គដ៏តូច និងសកម្មមួយនេះជួយឲ្យយើងញាំអាហារ លេប ដឹងរស់ជាតិ ហើយចាប់ផ្តើមការរំលាយអាហារ តែយើងចេះតែប្រើវា ដើម្បីនិយាយអ្វីដែលយើងមិនគួរនិយាយ។ គេបានប្រើអណ្តាត ដើម្បីនិយាយបញ្ជោរ ជេរ កុហក់ អួត និងវាយប្រហារអ្នកដទៃ ។ល។ ដូចនេះ តើអណ្តាតជាសាច់ដុំ ដែលគ្រោះថ្នាក់ណាស់មែនទេ? ប៉ុន្តែ គេក៏អាចប្រើអណ្តាត ធ្វើការល្អជាច្រើន។ ពេលយើងបានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អណ្តាតអាចផ្លាស់ប្រែទៅជាឧបករណ៍ដ៏ល្អក្រៃលែង។ យើងអាចប្រើអណ្តាត ដើម្បីនិយាយអំពីភាពសុចរិត(ទំនុកដំកើង ៣៥:២៨) និងភាពយុត្តិធម៌របស់ព្រះ(៣៧:៣០)។ យើងអាចប្រើអណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨) និងសារភាពបាបនៅចំពោះព្រះ(១យ៉ូហាន ១:៩)។ យើងអាចប្រើអណ្តាតឲ្យមានប្រយោជន៍បំផុត គឺដូចដែលបទគម្ពីរសុភាសិត ១២:១៨ បានចែងថា “សម្តីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ ព្រះទ្រង់បានបង្កើតអណ្តាតយើងមក ដើម្បីនាំមកនូវការប្រោសឲ្យជា ដល់អ្នកដទៃ មិនមែនដើម្បីបង្កររបួសដល់ពួកគេឡើយ។ កាលណាយើងប្រើអណ្តាតត្រូវតាមបំណងព្រះទ័យទ្រង់ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ទ្រង់ហើយ។-Dave Branon
បទគម្ពីរប្រចាំថ្ងៃ
សម្តីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។-សុភាសិត ១២:១៨