
បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ
ដោយCindy Hesskasper
June 17, 2017
ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ លោកនាយករដ្ឋមន្ត្រីវីនស្តុន ឈើឈីល(Winston Churchill) បានធ្វើការកំឡាចិត្តជនជាតិអង់គ្លេស ដែលកំពុងមានការភ័យខ្លាច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេសឲ្យបាក់ស្បាត ដើម្បីឈ្នះសង្រ្គាម ពុំនោះទេ អាឡឺមង់នឹងចាញ់សង្រ្គាមមិនខាន ដូចនេះ គាត់ក៏បានប្រាប់ពួកគេឲ្យប្រុងប្រៀបខ្លួន ដើម្បីប្រយុទ្ធដល់ទីបញ្ចប់ ហើយចងចាំថា បើចក្រភពអង់គ្លេសមានអាយុកាល១ពាន់ឆ្នាំ នោះគេនឹងថា ពេលនេះជាពេលដែលល្អបំផុតរបស់ប្រជាជនអង់គ្លេស។ យើងម្នាក់ៗសុទ្ធតែចង់ឲ្យគេនឹកចាំ អំពី “ពេលដែលល្អបំផុត”របស់យើង។ សម្រាប់សាវ័កពេត្រុសវិញ ពេលដែលល្អបំផុតរបស់គាត់ ប្រហែលជាពេលដែលគាត់បានប្រកាសថា “យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត”(យ៉ូហាន ៦:៦៩)។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល យើងឲ្យតម្លៃខ្លួនឯង ដោយផ្អែកទៅលើកំហុសរបស់យើង។ បន្ទាប់ពីលោកពេត្រុសបានប្រកែកជាច្រើនដងថា គាត់មិនស្គាល់ព្រះយេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏ទួញយំ ដោយចិត្តដ៏ល្វីងជូរចត់(ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។ យើងម្នាក់ៗសុទ្ធតែមានចំណុចខ្វះខាត ក្នុងទំនាក់ទំនង ក្នុងការតយុទ្ធនឹងអំពើបាប និងក្នុងភាពស្មោះត្រង់ចំពោះព្រះ គឺមិនខុសពីលោកពេត្រុសទេ។ ប៉ុន្តែ ពេលយើងមានកំហុស ឬបរាជ័យ គឺមិនមានន័យថា យើងអស់ផ្លូវកែនោះទេ។ ជាក់ស្តែង ព្រះយេស៊ូវបានអត់ទោសឲ្យលោកពេត្រុស បន្ទាប់ពីគាត់បានប្រែចិត្ត(យ៉ូហាន ២១) ហើយក៏បានប្រើគាត់ ឲ្យផ្សាយដំណឹងល្អ និងដឹកនាំមនុស្សជាច្រើនឲ្យទទួលសេចក្តីសង្រ្គោះ។ បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវឡើយ។ ព្រះទ្រង់ស្អាងឡើងវិញ ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលវិលបែរមករកទ្រង់វិញ។-Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត។-យ៉ូហាន ៦:៦៩