
អាថ៌កំបាំងដែលមើលមិនឃើញ
ដោយJulie Ackerman Link
June 25, 2017
មានបាតុភូតជាច្រើនដែលបានកើតឡើង ក្នុងចក្រវាលដែលធំឥតព្រំដែន តែភាគច្រើន យើងមិនដឹងថា មានអ្វីកើតឡើងខ្លះទេ។ មានរបស់ជាច្រើន ដែលមានរូបរាង្គតូចពេក ឬផ្លាស់ទីលឿនពេក ឬយឺតពេក ដែលធ្វើឲ្យយើងមិនអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមានបច្ចេកវិទ្យាទំនើប នោះលោកលូអ៊ីស ស្វាតបឺក(Luis Schwartzberg) ដែលជាអ្នកបង្កើតខ្សែភាពយន្ត អាចបង្ហាញនូវវីដេអូស្តីអំពីរបស់ដែលតូចៗទាំងនោះ ដែលមានដូចជាមាត់របស់សត្វដង្កូវមេអំបៅ ភ្នែករបស់សត្វរុយ និងការលូតលាស់របស់ដើមផ្សិតជាដើម។ ដោយសារសមត្ថភាពយើងមានកំណត់ នោះយើងមិនអាចមើលភាពលម្អិតនៃវត្ថុទាំងឡាយ ក្នុងពិភពខាងសាច់ឈាមឲ្យបានគ្រប់ជ្រុងជ្រោយឡើយ តែការនេះបានរំឭកយើងផងដែរថា សមត្ថភាពខាងវិញ្ញាណរបស់យើងក៏មានដែនកំណត់ផងដែរ ពោលគឺយើងមិនអាចដឹងអំពីអ្វីៗទាំងអស់ ដែលកំពុងកើតឡើង ក្នុងពិភពខាងវិញ្ញាណបានឡើយ។ ព្រះទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់នៅជុំវិញខ្លួនយើង តាមរបៀបដ៏អស្ចារ្យហួសពីការស្មាន។ ប៉ុន្តែ ភ្នែកខាងវិញ្ញាណរបស់យើង មានដែនកំណត់ បានជាយើងមិនអាចមើលឃើញការអ្វីដែលទ្រង់កំពុងធ្វើ។ ទោះជាយ៉ាងណាក៏ដោយ ហោរាអេលីសេ ពិតជាបានមើលឃើញនូវកិច្ចការដ៏អស្ចារ្យ ដែលព្រះទ្រង់កំពុងធ្វើ។ ព្រះទ្រង់ថែមទាំងបានបើកភ្នែកអ្នកបម្រើរបស់គាត់ ដែលមានពេញដោយការកោតខ្លាច ឲ្យបានមើលឃើញកងទ័ពនៃស្ថានសួគ៌ ដែលទ្រង់បានចាត់ឲ្យមកប្រយុទ្ធជួសពួកគេ(២ពង្សាវតាក្សត្រ ៦:១៧)។ ការភ័យខ្លាច ធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយ ហើយមិនអាចធ្វើអ្វីកើត ហើយធ្វើឲ្យយើងគិតថា យើងកំពុងតែនៅឯកកោក្នុងពិភពលោកនេះ។ ប៉ុន្តែ ព្រះទ្រង់បានធានាយើងថា ព្រះវិញ្ញាណនៃទ្រង់ ដែលគង់នៅក្នុងយើង ទ្រង់ធំជាងអំណាចទាំងអស់ នៅក្នុងលោកិយ(១យ៉ូហាន ៤:៤)។ ពេលដែលយើងមានការបាក់ទឹកចិត្ត ដោយសារការអាក្រក់ដែលយើងមើលមិនឃើញ យើងអាចគិតអំពីការល្អដែលទ្រង់កំពុងធ្វើ ដែលយើងមិនអាចមើលឃើញនោះ។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត។-ខ.១៦