
ពាក្យសម្តីដែលឆាបឆេះ
ដោយLawrence Darmani
July 1, 2017
នៅភាគខាងជើងនៃប្រទេសហ្កាណា ដែលជាស្រុកកំណើតរបស់ខ្ញុំ ភ្លើងឆេះព្រៃបានកើតឡើងជាទៀងទាត់ ក្នុងរដូវប្រាំង ចាប់ពីខែធ្នូដល់ខែមិនា។ ខ្ញុំបានឃើញផ្ទៃដីរបស់កសិដ្ឋានរាប់ហិចតា ត្រូវភ្លើងឆេះ ដោយសារខ្យល់ដែលបានបក់នាំកំទេចភ្លើងតូចៗ ពីភ្នក់ភ្លើង ឬពីកន្ទុយបារី ដែលអ្នកដំណើរបានចោលនៅតាមផ្លូវ ដោយគ្មានការប្រុងប្រយ័ត្ន។ ផ្កាភ្លើងតែបន្តិច អាចដុតបញ្ឆេះរុក្ខជាតិដែលក្រៀមក្រោះ នៅទីវាល ហើយរាលដាលកើតជាភ្លើងឆេះព្រៃវិនាសហិនហោចបាន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ាកុប អំពីអណ្តាតរបស់មនុស្ស ដោយប្រៀបធៀបទៅនឹងផ្កាភ្លើង យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។ ការនិយាយខុស ឬការនិយាយដើមពីក្រោយខ្នង ក៏ដូចជាការនិយាយស្តីដោយគ្មានការពិចារណា អាចបំផ្លាញទំនាក់ទំនងបាន។ គឺដូចដែលបទគម្ពីរ សុភាសិត ១២:១៨ បានចែងថា “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ “អណ្តាតមានអំណាចនៃជីវិត និងសេចក្តីស្លាប់”(១៨:២១) គឺមិនខុសពីភ្លើងដែលអាចបំផ្លាញ ហើយក៏អាចមានប្រយោជន៍។ ដើម្បីឲ្យការសន្ទនាឆ្លុះបញ្ចាំងអំពីព្រះវត្តមានព្រះ ក្នុងជីវិតយើង ហើយជាទីសព្វព្រះទ័យដល់ទ្រង់ យើងត្រូវឲ្យពាក្យសម្តីយើង “ប្រកបដោយព្រះគុណ”ជានិច្ច(កូល៉ុស ៤:៦)។ ពេលយើងបង្ហាញពីទស្សនៈរបស់យើង ពេលមានការមិនចុះសម្រុងគ្នា ចូរយើងទូលសូមឲ្យព្រះជួយ ឲ្យយើងប្រើភាសា ដែលថ្វាយព្រះកិត្តនាមដល់ទ្រង់។-Lawrence Darmani
បទគម្ពីរប្រចាំថ្ងៃ
ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ។-កូល៉ុស ៤:៦