
ដើរជាមួយយឺតៗ
ដោយTim Gustafson
July 6, 2017
មានពេលមួយ ខេលិប(Celeb)មានជម្ងឺជាទម្ងន់។ គ្រូពេទ្យបានពិនិត្យមើលជម្ងឺប្រព័ន្ធប្រសាទរបស់វា ហើយក៏រកឃើញថា ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់នេះ មានជម្ងឺពិការរយៈពេលខ្លី។ ឪពុកម្តាយរបស់វាមានការថប់បារម្ភយ៉ាងខ្លាំង បានជាពួកគេអធិស្ឋាន ទាំងរង់ចាំព្រះទ្រង់ឆ្លើយតប។ ខេលិបក៏បានចាប់ផ្តើមធូស្រាលពីជម្ងឺបន្តិចម្តងៗ។ ជាច្រើនខែក្រោយមក ពេលដែលក្រុមគ្រូពេទ្យអនុញ្ញាតឲ្យខេលិប ចូលរៀន ខេលិបគ្រាន់តែអាចដើរយឺតៗ តែគ្មានលំនឹងទេ។ ថ្ងៃមួយ ឪពុករបស់វាក៏បានទៅមើលវា នៅសាលា។ គាត់បានមើលកូនប្រុសគាត់ ដើរចុះតាមជណ្តើរយឺតៗ ទៅរកកន្លែងក្មេងលេង។ បន្ទាប់មក គាត់ក៏បានឃើញថាយល័រ(Tyler) ដែលជាមិត្តភក្តិរបស់វា បានដើរទន្ទឹមនឹងវា។ ក្នុងពេលចេញលេងនោះ ក្មេងៗដទៃទៀតបានរត់លេងកម្សាន្តយ៉ាងសប្បាយរីករាយ តែថាយល័របានដើរយឺតៗ ជាមួយមិត្តសំឡាញ់ដ៏ទន់ខ្សោយម្នាក់នេះ នៅកន្លែងក្មេងលេង។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកយ៉ូប។ គាត់ប្រាកដជាត្រូវការមិត្តសំឡាញ់ដ៏ល្អ ដូចថាយល័រដែរហើយ។ ផ្ទុយទៅវិញ នៅពេលគាត់មានទុក្ខជាទម្ងន់ គាត់មានមិត្តភក្តិបីនាក់ ដែលនិយាយប្រាប់ពីទោសកំហុសរបស់គាតa់ទៅវិញ។ គឺដូចដែលលោកអេលីផាបានសួរគាត់ថា “ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ?”(យ៉ូប ៤:៧)។ ការចោទប្រកាន់ ក្នុងពេលមានទុក្ខដូចនេះ បាននាំឲ្យលោកយ៉ូបប្រកាស់ ដោយចិត្តល្វីងជូរចត់ទៅកាន់ពួកគេថា “ខ្ញុំបានឮសេចក្តីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ!”(១៦:២) ព្រះយេស៊ូវមិនមានលក្ខណៈដូចនេះទេ។ នៅពេលល្ងាច មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានចំណាយពេលកម្សាន្តចិត្តពួកសាវ័ករបស់ទ្រង់។ ទ្រង់បានសន្យាថា នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងយាងមកគង់នៅជាមួយពួកគេ ជារៀងរហូត(យ៉ូហាន ១៤:១៦) ហើយក៏បានធានាពួកគេថា “ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ”(ខ.១៨)។ បន្ទាប់មក មុនពេលទ្រង់យាងត្រឡប់ទៅឯព្រះវរបិតាវិញ ទ្រង់មានបន្ទូលថា “ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប”(ម៉ាថាយ ២៨:២០)។ ព្រះមួយអង្គ ដែលបានសុគតជួសយើង ទ្រង់ក៏ដើរជាមួយយើង ម្តងមួយជំហានៗ យ៉ាងប្រុងប្រយ័ត្ន។-Tim Gustafson
បទគម្ពីរប្រចាំថ្ងៃ
នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ។-យ៉ូហាន ១៤:១៦