
តាមរបៀបរបស់ខ្ញុំ
ដោយM. Stroud
July 18, 2017
មានក្មេងតូចពីរនាក់ កំពុងលេងល្បែងដ៏ស្មុគ្រស្មាញមួយ ដោយប្រើចង្កឹះ និងខ្សែ។ បន្ទាប់ពីលេងបានពីរបីនាទី ក្មេងប្រុសដែលមានអាយុច្រើនជាងគេ ក៏បានងាកមកមិត្តភក្តិដែលលេងជាមួយនោះ ហើយនិយាយដោយអំណួតថា “ឯងធ្វើមិនត្រូវទេ។ នេះជាល្បែងរបស់ខ្ញុំ ហើយយើងត្រូវលេងតាមរបៀបខ្ញុំ។ ឯងមិនអាចលេងទៀតទេ!” រឿងនេះបានបង្ហាញថា មនុស្សយើងចង់ឲ្យគេធ្វើអ្វីតាមចិត្តខ្លួន តាំងពីនៅតូច។ លោកណាម៉ាន់ជាមនុស្សដែលធ្លាប់តែឲ្យគេ ធ្វើអ្វីៗតាមចិត្តខ្លួន។ គាត់ជាមេទ័ពរបស់ស្តេចនៃនគរស៊ីរី។ តែលោកណាម៉ាន់ មានជម្ងឺមួយដែលមិនអាចព្យាបាលជា។ មានក្មេងស្រីម្នាក់ជាអ្នកបម្រើរបស់ភរិយាគាត់ ដែលជាឈ្លើយសឹក ដែលគេបាននាំមកពីនគរអ៊ីស្រាអែល។ មានពេលមួយនាងបានសុំឲ្យគាត់ទៅស្វែងរកការប្រោសឲ្យជា ពីលោកអេលីសេ ដែលជាហោរារបស់ព្រះ។ លោកណាម៉ាន់មានចិត្តអន្ទះសារចង់ទទួលការប្រោសឲ្យជាភ្លាមៗ តែគាត់ចង់ឲ្យលោកហោរាធ្វើដំណើរមករកគាត់។ គាត់ចង់ឲ្យគេប្រព្រឹត្តចំពោះគាត់ ដោយមានរបៀបរបបធំដុំ និងមានការគោរព។ ដូចនេះ ពេលលោកអេលីសេប្រាប់គាត់ឲ្យចុះទៅងូតទឹកទន្លេយ័រដាន់ប្រាំពីរដង គាត់ក៏មានការខឹងសម្បារ! គាត់មិនព្រមធ្វើតាមឡើយ(២ពង្សាវតាក្សត្រ ៥:១០-១២)។ ដូចនេះ ទាល់តែគាត់បានបន្ទាបខ្លួន ហើយធ្វើតាមរបៀបរបស់ព្រះ ទើបគាត់បានជាពីជម្ងឺឃ្លង់(ខ.១៣-១៤)។ យើងប្រហែលជាធ្លាប់ទូលព្រះថា “ទូលបង្គំនឹងធ្វើ តាមរបៀបរបស់ទូលបង្គំ”។ ប៉ុន្តែ របៀបរបស់ទ្រង់ជារបៀបដែលល្អបំផុតជានិច្ច។ ដូចនេះ ចូរយើងសូមឲ្យព្រះប្រទានឲ្យយើងមានចិត្តបន្ទាបខ្លួន ដើម្បីនឹងស្ម័គ្រចិត្តជ្រើសរើសផ្លូវរបស់ទ្រង់ ជាជាងដើរតាមផ្លូវរបស់យើង។-Marion Stroud
បទគម្ពីរប្រចាំថ្ងៃ
មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ។-ខ.១៥