
សន្តិភាពនៅក្នុងចិត្ត
ដោយJennifer Benson Schuldt
July 31, 2017
ព្រះវិហារខាមពី នៃភាពស្ងប់ស្ងាត់ ក្នុងក្រុងហេលស៊ីនគី ប្រទេសហ្វាំងឡង់ មានលក្ខណៈលេចធ្លោ នៅកណ្តាលទីប្រជុំជន។ សំណង់អគារមួយនេះ មានរាងមូលទ្រវែង ស្រោបពីលើដោយឈើ ដែលការពារសម្លេងរំខានពីទីក្រុងដ៏មមាញឹក នៅខាងក្រៅ។ អ្នករចនាមូដអគារនេះ បានសាងសង់ព្រះវិហារនេះ ធ្វើជាកន្លែងដ៏ស្ងប់ស្ងាត់ និងផ្តល់នូវ “បរិកាសដ៏ស្រគត់ស្រគំ សម្រាប់ឲ្យគេសម្រួលអារម្មណ៍នៅទីនោះ”។ ព្រះវិហារនេះជាកន្លែងទទួលស្វាគមន៍អស់អ្នក ដែលចង់គេចចេញពីភាពមមាញឹក និងអ៊ូអរ នៃទីក្រុង។ មនុស្សជាច្រើនស្រេកឃ្លានសន្តិភាព ដូចនេះ ភាពស្ងប់ស្ងាត់ ដែលមានរយៈពេលតែពីរបីនាទីក៏អាចជួយសម្រួលអារម្មណ៍ពួកគេបានខ្លះដែរ។ ប៉ុន្តែ ព្រះគម្ពីរបានបង្រៀនថា សន្តិភាពដ៏ពិត គឺសន្តិភាពដែលមានជាមួយព្រះ មានប្រភពមកពីព្រះរាជបុត្រានៃព្រះ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ”(រ៉ូម ៥:១)។ បើគ្មានព្រះគ្រីស្ទទេ នោះយើងនៅតែរស់នៅជាខ្មាំងសត្រូវរបស់ព្រះ ដោយសារអំពើបាបរបស់យើង។ តែសូមអរព្រះគុណព្រះយេស៊ូវ ដែលបានផ្សៈផ្សាឲ្យយើងជានឹងព្រះវរបិតា ហើយបញ្ចប់ការទាស់ប្រឆាំងនឹងទ្រង់(កូល៉ុស ១:១៩-២១) ដោយយើងគ្រាន់តែទទួលជឿ និងទទួលយកការលះបង់របស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានថ្វាយយើងទៅព្រះវរបិតា ជាដង្វាយដ៏បរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់(ខ.២២)។ ការមានសន្តិភាពជាមួយព្រះ មិនមានន័យថា យើងនឹងរស់នៅដោយគ្មានបញ្ហានោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែអាចមានសន្តិភាពនោះ នៅក្នុងចិត្ត ក្នុងពេលដែលមានទុក្ខលំបាក។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ” តែទ្រង់ក៏មានបន្ទូលផងដែរថា យើងអាចមានសេចក្តីសុខសាន្តដោយសារទ្រង់(យ៉ូហាន ១៦:៣៣)។ ដោយសារព្រះគ្រីស្ទ នោះសន្តិភាពដ៏ពិតនៃព្រះ អាចបំពេញចិត្តយើង(កូល៉ុស ៣:១៥)។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
យើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ។-រ៉ូម ៥:១