
នៅមាត់រូង
ដោយDavid H. Roper
August 2, 2017
មានរូងកំអែលភ្នំភ្លើងដ៏វែងមួយ នៅក្រោមដី ភាពខាងត្បូងនៃក្រុងឃូណា រដ្ឋអីដាហូ ដែលមានភាពល្បីល្បាញ ចំពោះប្រជាជននៅក្នុងតំបន់។ ខ្ញុំដឹងថា រូងនោះ មានច្រកចូលមួយ ដែលបើកចុះទៅក្រោមដូចអណ្តូង ឆ្ពោះទៅរកភាពងងឹត។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានឈរនៅមាត់រូងនោះ ហើយក៏បានអើតមើលទៅក្រោម។ ខ្ញុំមានអារម្មណ៍ថា ចេះតែចង់ចូលទៅមើលឲ្យកាន់តែជិត ហើយក៏ស្ទើរតែទាប់ខ្លួនមិនជាប់ ហៀបនឹងធ្លាក់ទៅក្រោម។ ពេលនោះ ខ្ញុំក៏បុកពោះ ដោយបេះដូងលោតខុសចង្វាក់ ហើយក៏ប្រញាប់ថយចេញពីមាត់រូងនោះយ៉ាងលឿន។ អំពើបាបមានលក្ខណៈទាក់ទាញដូចនេះឯង គឺវាអាចប្រើភាពចង់ដឹងចង់ឃើញរបស់យើង ដើម្បីល្បួងយើង ឲ្យចូលទៅរកភាពងងឹត។ តើមានពេលប៉ុន្មានដងហើយ ដែលមនុស្សទំាងប្រុសទាំងស្រី បានខំចូលទៅជិតមាត់ច្រកនៃភាពងងឹត ហើយក៏ទប់ខ្លួនលែងជាប់ ធ្លាក់ចូលទៅក្នុងភាពងងឹតនោះ? ពេលនោះពួកគេក៏បានបំផ្លាញគ្រួសារ កេរ្តិ៍ឈ្មោះ និងអាជីពខ្លួនឯង ដោយសារអំពើកំផឹតសាហាយស្មន់ ដែលពីដំបូង “គ្រាន់តែ” ជាការឌឺដងគ្នាលេង ប៉ុន្តែ ក្រោយមក វាក៏បានប្រែក្លាយជាការគិត ហើយក៏ប្រព្រឹត្តតែម្តង។ ពេលដែលខ្លួនបានធ្វើខុសជ្រុសអស់ហើយ ពួកគេក៏បានក្រឡេកមកក្រោយ ហើយនិយាយថា “ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំនឹងធ្វើដល់ថ្នាក់នេះសោះ”។ យើងគិតថា យើងអាចលេងសើចជាមួយការល្បួង ហើយដើរចូលទៅជិតមាត់រូងនៃភាពងងឹត រួចដើរចេញ តែនេះគ្រាន់តែជាការស្រមើស្រមៃដ៏ល្ងង់ខ្លៅប៉ុណ្ណោះ។ យើងដឹងថា ការប្រព្រឹត្តបែបនោះ គឺមិនត្រឹមត្រូវទេ តែយើងបែរជាលេងសើចនឹងវា។ បន្ទាប់មក យើងជៀសមិនរួចពីត្រូវវាទាញនាំចូលកាន់តែជ្រៅ ទៅក្នុងអំពើរំលងដ៏ខ្មៅងងឹត។ ព្រះយេស៊ូវបានមានបន្ទូលថា “អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ”(យ៉ូហាន ៨:៣៤)។ បើសិនជាយើងបានធ្លាក់ចូលក្នុងអំពើបាប ហើយដឹងថា ខ្លួនត្រូវការជំនួយរបស់ព្រះ នោះយើងអាចអធិស្ឋានតាមស្តេចដាវីឌ ក្នុងបទគម្ពីរទំនុកដំកើង ១៩:១៣ ថា “សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ”។-David Roper
បទគម្ពីរប្រចាំថ្ងៃ
អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើរបស់អំពើបាបនោះហើយ។-យ៉ូហាន ៨:៣៤