
ពូកែចាប់កំហុស
ដោយDavid C. McCasland
August 6, 2017
ពេលខ្ញុំអានកាសែត ឬទស្សនាវដ្តីម្តងៗ ខ្ញុំច្រើនតែកត់សំគាល់ឃើញ គេសរសេរខុសវេយ្យករណ៍ ឬខុសអក្ខរាវិរុទ្ធ។ ខ្ញុំមិនព្យាយាមចាប់កំហុសអ្នកសរសេរនោះទេ តែយើងងាយនឹងមើលឃើញគេសរសេរខុសជាញឹកញាប់។ ពេលនោះ ខ្ញុំក៏បានឆ្លើយតប ដោយរិះគន់ការសែត និងអ្នកដែលបោះពុម្ភផ្សាយថា “ហេតុអ្វីបានជាគេមិនប្រើកម្មវិធី ពិនិត្យអក្ខរាវិរុទ្ធ ឬជួលអ្នកពិនិត្យអក្ខរាវិរុទ្ធ?” អ្នកប្រហែលជាមានបទពិសោធន៍ស្រដៀងនឹងខ្ញុំដែរ នៅក្នុងមុខជំនាញរបស់អ្នក។ ជាញឹកញាប់ ពេលដែលយើងកាន់តែមានការយល់ដឹង ក្នុងផ្នែកអ្វីមួយកាន់តែច្បាស់ នោះយើងហាក់ដូចជាកាន់តែងាយរកឃើញកំហុស នៅក្នុងផ្នែកនោះ។ ការនេះក៏អាចជះផលអាក្រក់មកលើទំនាក់ទំនង របស់យើងជាមួយអ្នកដទៃផងដែរ។ ប៉ុន្តែ បទគម្ពីរភីលីព ១:៩ បានប្រាប់យើងឲ្យមានការឆ្លើយតបខុសពីនេះ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង ឲ្យមានសេចក្តីស្រឡាញ់ ចម្រើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។ ព្រះទ្រង់មានផែនការឲ្យយើងមានក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ពេលយើងបានដឹង និងបានយល់កាន់តែច្រើន។ យើងមិនគួរបង្កើតឲ្យមានវិញ្ញាណដែលពូកែរិះគន់ ហើយធ្វើពុតជា មិនចាប់អារម្មណ៍ ឬមិនខ្វល់ពីអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ ពេលយើងដឹងអំពីអ្នកដទៃកាន់តែច្រើន យើងក៏គួរតែអាណិតគេកាន់តែខ្លាំងផងដែរ។ និយាយរួម យើងត្រូវជំនួសការរិះគន់ ដោយសេចក្តីអាណិតវិញ។ ព្រះអម្ចាស់មិនបានត្រាសហៅយើង ឲ្យធ្វើជាអ្នកតាមចាប់កំហុសអ្នកដទៃឡើយ ផ្ទុយទៅវិញ ទ្រង់បានហៅយើងឲ្យ “ពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះ”(ខ.១១)។ ពេលព្រះអម្ចាស់បំពេញចិត្តយើង ដោយក្តីស្រឡាញ់ យើងអាចមើលរំលងកំហុសអ្នកដទៃ បញ្ឈប់ការរិះគន់ ហើយស្រឡាញ់គេ ទោះជាយើងបានស្គាល់គេច្រើនប៉ុណ្ណាក៏ដោយ!-David Mccasland
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំក៏អធិស្ឋានសូមសេចក្តីនេះ គឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។-ខ.៩