
ការទទួលស្វាគមន៍ក្នុងព្រះគ្រីស្ទ
ដោយBill Crowder
August 15, 2017
នៅចុងទសវត្សរ៍ឆ្នាំ១៨០០ និងដើមទសវត្សរ៍ឆ្នាំ ១៩០០ ពេលនាវាទាំងឡាយចូលសំចត នៅកំពុងផែសាវ៉ាណាហ រដ្ឋចចជា គេតែងតែឃើញរូបចម្លាក់អ្នកស្រីផ្លរិន ម៉ាទូស(Florence Martus) កំពុងឈរស្វាគមន៍។ គេបានហៅរូបចម្លាក់នេះថា “នារីគ្រវីកូនកន្សែង”។ អស់រយៈពេល៤៤ឆ្នាំ រូបចម្លាក់អ្នកស្រីផ្លរិនបានទទួលស្វាគមន៍នាវាធំៗ មកពីគ្រប់ទិសទីក្នុងពិភពលោក ដោយគ្រវីកូនកន្សែងដៃនៅពេលថ្ងៃ ឬកាន់ចង្កៀងនៅពេលយប់។ សព្វថ្ងៃនេះ រូបចម្លាក់អ្នកស្រីផ្លរិន ឈរជាមួយរូបចម្លាក់សត្វឆ្កែដ៏ស្មោះត្រង់របស់គាត់ នៅសួនច្បារម៉ូរែល ក្នុងកំពង់ផែរសាវ៉ាណាហ ដោយទទួលស្វាគមន៍នាវា ដែលចូលសំចត។ ការស្វាគមន៍ដ៏កក់ក្តៅ គឺជាសញ្ញាបញ្ចាក់ពីការទទួលគ្នាឲ្យចូលក្នុងសហគមន៍ ឬក្រុមរបស់ខ្លួន។ ក្នុងបទគម្ពីរ រ៉ូម ១៥:៧ សាវ័កប៉ុលបានជំរុញអ្នកអានរបស់គាត់ ឲ្យ “ទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ”។ត្រង់ចំនុចនេះ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យប្រព្រឹត្តល្អចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូន ក្នុងព្រះគ្រីស្ទ ដ្បិតក្នុងខ.៥-៦ គាត់បានប្រាប់យើង ឲ្យរស់នៅជាមួយគ្នា ដោយភាពសុខដុម។ មានន័យថា យើងត្រូវ “មានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”។ ការទទួលស្វាគមន៍បងប្អូនរួមជំនឿក្នុងព្រះគ្រីស្ទ មិនគ្រាន់តែបានបង្ហាញនូវសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែថែមទាំងឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ របស់ព្រះ ដែលបានទទួលស្វាគមន៍យើង ឲ្យចូលក្នុងមហារគ្រួសាររបស់ទ្រង់។-BILL CROWDER
បទគម្ពីរប្រចាំថ្ងៃ
ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។-ខ.៧