
អ្វីដែលមិនត្រូវសាងសង់
ដោយMart Dehaan
September 2, 2017
មានជាងសំណង់ពីរនាក់កំពុងសង់អគារមួយ។ គេក៏បានសួរថា ពួកគេកំពុងសាងសង់អ្វី? អ្នកទីមួយបានឆ្លើយថា គាត់កំពុងសង់យាន្តដ្ឋាន។ រីឯអ្នកទីពីរវិញ គាត់ប្រាប់គេថា គាត់កំពុងសង់ព្រះវិហារធំ។ ស្អែកឡើង គេឃើញមានតែជាងម្នាក់ប៉ុណ្ណោះ កំពុងរៀបឥដ្ឋ។ ពេលគេសួរគាត់ថា ជាងម្នាក់ទៀតបាត់ទៅណាហើយ គាត់ឆ្លើយថា “អូហ៍ គេបានដេញគាត់ចោលហើយ។ ព្រោះគាត់ចេះតែទទូចចង់សាងសង់ព្រះវិហារធំ ជាជាងសង់យាន្តដ្ឋាន”។ មានរឿងមួយទៀត ដែលបានកើតឡើងស្រដៀងនឹងរឿងនេះផងដែរ។ នៅការដ្ឋានសាងសង់ប៉មបាបិល នៅសម័យបុរាណ មានមនុស្សមួយក្រុមបានសម្រេចចិត្តសាងសង់ទីក្រុង និងប៉មមួយ ដែលនឹងខ្ពស់ដល់មេឃ ហើយបង្រួបបង្រួមលោកិយរបស់ពួកគេ(លោកុប្បត្តិ ១១:៤)។ ប៉ុន្តែ ព្រះទ្រង់មិនចង់ឲ្យពួកគេសម្រេចផែនការដ៏ធំរបស់ខ្លួន ដែលមានភាពអាត្មានិយម ដែលផ្អែកទៅលើគំនិតដែលយល់ថា ពួកគេនឹងបានឡើងខ្ពស់ស្មើនឹងព្រះ ហើយដោះស្រាយបញ្ហាទាំងអស់នោះឡើយ។ ដូចនេះ ទ្រង់ក៏បានយាងចុះមកបញ្ឈប់គម្រោងរបស់ពួកគេ ធ្វើឲ្យពួកគេបែកខ្ញែកគ្នា “នៅទូទំាងពិភពលោក” ហើយឲ្យពួកគេមានភាសាខុសៗគ្នា(ខ.៨-៩)។ ព្រះទ្រង់ជ្រាបថា ពួកគេមិនអាចជួយខ្លួនឯងបានឡើយ បានជាទ្រង់សព្វព្រះទ័យនឹងឲ្យពួកគេដឹងថា ទ្រង់ជាដំណោះស្រាយសម្រាប់បញ្ហារបស់ពួកគេ ហើយទ្រង់ក៏បានបើកបង្ហាញផែនការទ្រង់ ដល់ពួកគេ តាមរយៈលោកអ័ប្រាហាំ(១២:១-៣)។ តាមរយៈជំនឿរបស់លោកអ័ប្រាហាំ និងកូនចៅជំនាន់ក្រោយរបស់គាត់ ទ្រង់បានបង្ហាញលោកិយ អំពីរបៀបស្វែងរកទីក្រុងដែល “ព្រះទ្រង់ជាអ្នករចនាប្លង់ និងជាអ្នកសាងសង់”(ហេព្រើរ ១១:៨-១០)។ ជំនឿរបស់យើងមិនរីកចម្រើន ដោយសារក្តីស្រមៃ ឬដំណោះស្រាយរបស់យើងឡើយ។ ជំនឿរបស់យើង ត្រូវមានមូលដ្ឋានគ្រឹះ នៅក្នុងព្រះតែមួយប៉ុណ្ណោះ និងនៅក្នុងការអ្វីដែលទ្រង់អាចធ្វើ នៅក្នុង និងតាមរយៈយើង។-Mart Dehaan
បទគម្ពីរប្រចាំថ្ងៃ
បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ។-ទំនុកដំកើង ១២៧:១