
មេសោរស្នេហា
ដោយAnne Cetas
September 5, 2017
មេសោរស្នេហា គឺជាបាតុភូតិដែលកំពុងមានការរីករាលដាលកាន់តែខ្លាំង។ មនុស្សរាប់ពាន់នាក់ ជាគូរស្នេហ៍ បានយកមេសោររបស់ពួកគេមកចាក់ជាប់នឹងស្ពាន ទ្វាររបង និងនៅតាមរបងនានា នៅក្នុងតំបន់ជាច្រើន ក្នុងពិភពលោក ដែលរួមមាន ប្រទេសបារាំង ចិន អូទ្រីស សាធារណៈរដ្ឋចេក សឺបៀ អេស្ពាញ មិចស៊ីចកូ អៀរឡង់ខាងជើង ។ល។ គូស្នេហ៍ទាំងឡាយបានឆ្លាក់ឈ្មោះរបស់ខ្លួន នៅលើមេសោរ រួចយកវាទៅចាក់ជាប់នឹងកន្លែងសាធារណៈ ធ្វើជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ពួកគេ។ អាជ្ញាធរនៅកន្លែងខ្លះបានហាមមិនឲ្យពួកគេធ្វើដូចនេះ ព្រោះខ្លាចគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីសោរ ដែលគេបានចាក់ភ្ជាប់ច្រើនពេក។ អ្នកខ្លះគិតថា ការចាក់សោរស្នេហានៅទីសាធារណៈ ជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ តែអ្នកខ្លះទៀតបានគិតថា វាជាសិល្បៈដ៏ស្រស់ស្អាត និងជារូបភាពនៃសេចក្តីស្រឡាញ់ដែលប្តូរប្តេជ្ញ។ យ៉ាងណាមិញ ព្រះអម្ចាស់បានបង្ហាញយើង នូវ “សេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច” ដ៏ពិតប្រាកដ នៅទីសាធារណៈ។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ នៅលើឈើឆ្កាង ពេលដែលទ្រង់បានលៈបង់ព្រះជន្មទ្រង់ ដើម្បីប្រទានការអត់ទោស ចំពោះអំពើបាបរបស់មនុស្ស។ ហើយសព្វថ្ងៃនេះ ទ្រង់នៅតែបន្តបង្ហាញសេចក្តីស្រឡាញ់ទ្រង់ ជារៀងរាល់ថ្ងៃ។ សេចក្តីសង្រ្គោះមិនគ្រាន់តែជាការសន្យាថា យើងនឹងបានទៅនៅជាមួយព្រះអស់កល្បជានិច្ចប៉ុណ្ណោះទេ តែថែមទាំងជាការពិសោធន៍ជារៀងរាល់ថ្ងៃ ជាមួយនឹងការអត់ទោសបាប ការធានា ការផ្គត់ផ្គង់របស់ព្រះ និងព្រះគុណ នៅក្នុងទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ បានធ្វើជាមូលដ្ឋានគ្រឹះ និងគំរូ ដែលសាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យយកតម្រាប់តាម ដោយ “ដើរក្នុងសេចក្តីស្រឡាញ់” ចំពោះអ្នកដទៃ(អេភេសូរ ៥:២)។ សេចក្តីស្រឡាញ់នៃព្រះវរបិតា បានជំរុញចិត្តយើង ឲ្យចេះអត់ធ្មត់ និងមានភាពសប្បុរស។ តាមរយៈព្រះរាជបុត្រាទ្រង់ នោះទ្រង់បានប្រទានគំរូដ៏ល្អបំផុតនៃសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក ជារៀងរហូត។-Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
[ចូរ]ដើរក្នុងសេចក្តីស្រឡាញ់ ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង។-ខ.២