
ក្នុងសួនច្បារនោះ
ដោយJoe Stowell
September 11, 2017
បុព្វបុរសរបស់ខ្ញុំស្ថិតក្នុងចំណោមជនជាតិស្បែកសរ ដែលមកតាំងទីលំនៅមុនគេ នៅក្នុងទឹកដីមីឈីហ្គិន។ ពួកគេបានកាប់ឆ្កាព្រៃ ដើម្បីយកដីធ្វើស្រែចំការ ហើយក៏បានបង្កើតច្បារដំណាំធ្វើជាអាហារ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ នៅសម័យនោះ។ ការប្រកបរបរកសិកម្មនេះ បានផ្ទេរមកអ្នកជំនាន់ក្រោយ។ ឪពុកខ្ញុំបានធំធាត់ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋមីឈិហ្គិន ហើយគាត់ក៏ចូលចិត្តដាំដំណាំផងដែរ ហេតុនេះហើយ បានជាខ្ញុំចូលចិត្តដាំដំណាំ និងចូលចិត្តក្លឹនរបស់ដីដែលមានជីជាតិ។ កាលពីមុន ខ្ញុំចូលចិត្តដាំដំណាំដែលចេញផ្កាដ៏ស្រស់ស្អាត និងថែរទំាដើមផ្កាកូលាប ដែលជួយឲ្យទីធ្លាផ្ទះខ្ញុំ មានសោភ័ណ្ឌភាពល្អ និងមានក្លិនក្រអូបប្រហើរ។ បើសិនជាគ្មានរុក្ខជាតិចង្រៃដុះក្នុងដីខ្ញុំទេ នោះមិនដឹងជាល្អយ៉ាងណាទេ។ ពេលដែលខ្ញុំមានការពិបាកនៅក្នុងការសម្អាតរុក្ខជាតិចង្រៃទាំងនោះ ខ្ញុំក៏បាននឹកចាំអំពីសួនច្បារអេដែន ដែលធ្លាប់ធ្វើជាសួនច្បារដ៏ល្អឥតខ្ចោះ មុនពេលអ័ដាំម និងនាងអេវ៉ា មិនស្តាប់បង្គាប់ព្រះ ហើយបន្លា និងអញ្ចាញក៏បាននាំឲ្យមានការពិបាកដល់អ្នកទាំងពីរ និងកសិករម្នាក់ៗ ចាប់តាំងពីពេលនោះមក(លោកុប្បត្តិ ៣:១៧-១៨)។ ព្រះគម្ពីរក៏បានចែងអំពីសួនច្បារមួយទៀត គឺសួនច្បារគែតសេម៉ានី ដែលនៅទីនោះ ព្រះគ្រីស្ទទ្រង់មានការពិបាកព្រះទ័យយ៉ាងខ្លាំង បានជាទ្រង់ទូលអង្វរដល់ព្រះវរបិតា ឲ្យស្វែងរកផ្លូវផ្សេងទៀត ដើម្បីលោះអំពើបាប ដែលបានចាប់ផ្តើមមានតាំងពីសម័យសួនច្បារអេដែន។ នៅសួនច្បារគែតសេម៉ានី ព្រះយេស៊ូវក៏បានចុះចូល នឹងព្រះទ័យព្រះវរបិតា ដោយព្រះបន្ទូលថា “សូមតាមព្រះហឫទ័យទ្រង់ចុះ” ដែលនេះជាពាក្យនៃការស្តាប់បង្គាប់ព្រះវរបិតាទាំងស្រុង នៅចំពោះមុខនៃទុក្ខវេទនាដ៏ធំ(ម៉ាថាយ ២៦:៤២)។ ដោយសារព្រះយេស៊ូវបានចុះចូលព្រះទ័យព្រះវរបិតា ក្នុងសួនច្បារគែតសេម៉ានី នោះយើងអាចច្រូតកាត់ផល នៃព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន។-Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ឱព្រះវរបិតានៃទូលបង្គំអើយ … សូមតាមព្រះហឫទ័យទ្រង់ចុះ។-ខ.៤២