
ការលះបង់
ដោយDavid C. McCasland
September 27, 2017
អង្គការមនុស្សធម៌ជាច្រើន ដែលបានជួយដល់អ្នកដែលមានការខ្វះខាតផ្សេងៗ បានពឹងផ្អែកទៅលើការបរិច្ចាក នូវខោអាវ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ពីអ្នកដែលមានគ្រប់គ្រាន់ ដែលខ្លួនលែងត្រូវការ ឬចង់បាន។ ការលះបង់នូវរបស់ដែលខ្លួនឈប់ប្រើប្រាស់ ដល់អ្នកដែលខ្វះខាត គឺជាទង្វើរល្អមួយ ដែលមានប្រយោជន៍សម្រាប់អ្នកដទៃ។ ប៉ុន្តែ ជាញឹកញាប់ យើងច្រើនតែមានការស្ទាក់ស្ទើរមិនចង់បែកចេញពីរបស់របរ ដែលមានតម្លៃ ដែលយើងប្រើជារៀងរាល់ថ្ងៃ។ ពេលសាវ័កប៉ុលកំពុងជាប់ឃុំខ្លួន ក្នុងទីក្រុងរ៉ូម គាត់ត្រូវការការលើកទឹកចិត្តជាប្រចាំ និងត្រូវការមិត្តសំឡាញ់ដ៏ស្មោះត្រង់នៅក្បែរគាត់។ ប៉ុន្តែ គាត់បានចាត់គូរកនការងារដែលជិតស្និទ្ធនឹងគាត់បំផុត ឲ្យទៅជួយពួកជំនុំនៅក្រុងភីលីព(ភីលីព ២:១៩-៣០)។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា … ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ”(ខ.១៩-២០)។ ហើយគាត់មានប្រសាសន៍ទៀតថា “ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ”(ខ.២៥)។ ត្រង់ចំណុចនេះបានបង្ហាញថា សាវ័កប៉ុលបានលះបង់ឲ្យអ្នកដទៃនូវរបស់អ្វី ដែលគាត់ត្រូវការបំផុត។ របស់អ្វីក៏ដោយ ដែលយើងគិតថា “មានតម្លៃបំផុត” ក្នុងជីវិតយើង នៅថ្ងៃនេះ អាចមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់នរណាម្នាក់ ដែលយើងស្គាល់។ របស់ទាំងនោះអាចជា ពេលវេលា មិត្តភាព ការលើកទឹកចិត្ត ការស្តាប់អ្នកដទៃនិយាយ ឬការជួយអ្នកដទៃដោយដៃខ្លួនឯងផ្ទាល់ជាដើម។ ពេលដែលយើងលះបង់របស់អ្វី ដែលព្រះអម្ចាស់បានប្រទានយើង ទ្រង់ក៏បានទទួលសិរីល្អ ហើយអ្នកដទៃបានទទួលជំនួយ ម្យ៉ាងទៀតយើងក៏បានទទួលព្រះពរ។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ …ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ”។ -ខ.២៥